(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវទស្សនទាន៣ចំណុច ដល់ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ដើម្បីធានាឱ្យបាននូវការ​លើក​កម្ពស់​គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលបានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃកន្លងមកនេះ ពិតជាបានសម្រេចនូវលទ្ធផលដ៏ធំធេងទទួលបាននូវបណ្តុំបញ្ញាញាណ បទពិសោធន៍ ទស្សនៈ កំណត់បានត្រឹមត្រូវនូវបញ្ហាប្រឈម និងដំណោះស្រាយយ៉ាងសមស្រប ដើម្បីលុបបំបាត់នូវបញ្ហានានា មិនតែប៉ុណ្ណោះអនុសំវច្ឆរមហាសន្និបាតកសាងបាននូវយន្តការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រងសហគមន៍សង្ឃ លើកកម្ពស់ស្មារតីនៃការពង្រឹង និងពង្រីកសាមគ្គី ការអភិវឌ្ឍន៍សមត្ថភាព និងភាពជាគម្រូដើម្បីកសាងឱ្យបាននូវមូលធនសង្គម សុខុមរម្យនា សន្តិភាព និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យធម្មការ និងសាសនា ក្នុងនាមជារាជរដ្ឋាភិបាល និងក្នុងនាមជាពុទ្ធសាសនិក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមចំណែកក្នុងការផ្តល់នូវទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី១. សូមព្រះមេត្តា និងមេត្តាយកព្រះទ័យ​យកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបន្តអនុវត្តតាមខ្លឹមសារសង្ឃ ប្រកាសនៃមហាសន្និបាតឱ្យមានប្រសិទ្ធភាព ដោយតាមដាន និង វាយតម្លៃការអនុវត្តគ្រប់​សកម្ម​ភាព ខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវការ​លើក​កម្ពស់​គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ។

ទី២. គណៈសង្ឃទាំងពីរគណៈ យកព្រះទ័យទុកដាក់លើការប្រតិបត្តិធម៌វិន័យ ដើម្បីពង្រឹងតួនាទីព្រះសង្ឃ និង វត្តអារាម ក្នុងការចូលរួមទប់ស្កាត់ និងដោះស្រាយអធិករណ៍ក្នុង ព្រះពុទ្ធសាសនា និងរួមចំណែកថែរក្សានូវបេតិកភណ្ឌដែលមានក្នុងវត្តអារាមឱ្យបានគង់វង្ស។

​ទី៣. ក្រសួងធម្មការ និងសាសនា ក៏ត្រូវសហការជាមួយគណៈសង្ឃនាយក ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ យកព្រះទ័យ យកចិត្តទុកដាក់បណ្តុះបណ្តាលធនធានព្រះសង្ឃ និងមន្ត្រីរាជការ ឱ្យមានជំនាញបច្ចេកវិទ្យាព័ត៌មាន (ជំនាញឌីជីថល) ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥, ដែលក្នុងនោះ នៅមានចំណុចមួយចំនួនត្រូវយកចិត្តទុកដាក់, រួមមាន (១) ការរៀបចំទំនាក់ទំនង និងអន្តរសកម្មរវាងរដ្ឋបាលថ្នាក់កណ្តាល និងមន្ទីររាជធានី ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ, (២) រៀបចំចងក្រងទិន្នន័យតាមប្រព័ន្ធ​អេឡិចត្រូនិក និងប្រព័ន្ធព័ត៌មានវិទ្យា, និង(៣) ធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងសាធារណៈ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ក្នុងន័យនេះ ក្រសួងធម្មការ និង សាសនា ត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍​៕