(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋត្រូវតែបន្តលើកស្ទួយសាសនាមិនថាសាសនាព្រះពុទ្ធ ឬសាសនាផ្សេងទៀត ដ្បិតប្រទេសកាន់តែទំនើប សាសនាដើរតួនាទីកាន់តែសំខាន់ ហើយជំនឿសាសនាមិនមែនជាឧបសគ្គរារាំងមិនឱ្យប្រទេសក្លាយទៅជាប្រទេសទំនើបនោះទេ។
ការថ្លែងបែបនេះរបស់ សម្ដេចបវរធិបតី ធ្វើឡើងនាឱកាសដែល សម្ដេច បានអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ដោយសារធម៌នៃការបណ្ដុះបណ្ដាល ការផ្ដល់ធម៌ ការសង្គ្រោះ ការមិនយកទោស សូម្បីតែប្រជាពលរដ្ឋយើងផុតពីឆ្នាំ៧៩ ឃើញអ្នកដែលបានសម្លាប់ឪពុកម្ដាយខ្លួននៅក្នុងសង្គម ក៏ម្ដាយប្រាប់ថា ត្រូវទុកឱ្យគេទទួលកម្មផលតាមគេទៅ ដែលនេះគឺដោយសារការអប់រំ បើទោះបីជាមានការបិទសាសនានៅចន្លោះឆ្នាំ៧៥ ដល់ឆ្នាំ៧៩ក៏ដោយ ប៉ុន្តែពួកគាត់ទទួលបានការអប់រំមុននោះទៅទៀត។
សម្ដេចបវរធិបតី បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋត្រូវតែបន្តលើកស្ទួយសាសនាមិនថាសាសនាព្រះពុទ្ធ ឬសាសនាផ្សេងទៀត ដ្បិតប្រទេសកាន់តែទំនើប សាសនាដើរតួនាទីកាន់តែសំខាន់ សូម្បីតែនៅអាមេរិកជាប្រទេសដែលទំនើបជាងគេនៅលើពិភពលោក ក៏រៀងរាល់ថ្ងៃអាទិត្យ ប្រជាជនគេក៏ទៅវត្ត ឬវិហារ ដើម្បីគោរពព្រះជាម្ចាស់របស់គេដែរ ហើយនេះមិនមែនមានន័យថា ដោយសារជំនឿមិនអាចឱ្យគាត់ក្លាយជាអ្នកវិទ្យសាស្រ្តបាននោះទេ ហើយសាសនាព្រះពុទ្ធយើងក៏ដូចគ្នា»។
សម្ដេចបវរធិបតី បានបន្តថា ទស្សនៈទំនើបនៃភាពជោគជ័យក្នុងសម័យទំនើបនេះ ក៏ផ្អែកទៅលើធម៌ ទៅលើសាសនាដែលចងក្រងរាប់ពាន់ឆ្នាំមកហើយ សង្គមមនុស្សមិនប្រែប្រួលប៉ុន្មាននោះទេ។ សម្ដេចបានគូសបញ្ជាក់ថា៖ «ពិតណាស់សម្ភារៈប្រែប្រួល មធ្យោបាយប្រែប្រួល ប៉ុន្តែមូលដ្ឋានគ្រឹះនៃសង្គមមនុស្ស ក៏ដូចជាសាសនានៅតែរក្សាដដែល»។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ដើម្បីឱ្យស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» យើងគប្បីលើកទឹកចិត្ត យកចិត្តទុកដាក់លើកតម្កើងព្រះពុទ្ធសាសនា ឱ្យបានខ្ពង់ខ្ពស់ឡើងថែមមួយកម្រិតទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាយល់កាន់តែស៊ីជម្រៅ និងមើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់សម្រាប់ការប្រតិបត្តិព្រះពុទ្ធសាសនា និងផ្ដោតលើការមិនធ្វើនូវអំពើអាក្រក់គ្រប់យ៉ាង។
ជាថ្មីម្ដងទៀត សម្ដេច បានបញ្ជាក់ថា «ការធ្វើនូវអំពើល្អ និងការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ជាគុណតម្លៃសម្រាប់ជួយឱ្យសង្គមមានសមធម៌ សាមគ្គីធម៌ និងសុខុដុមរម្យនា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលរដ្ឋសភាបានរៀបចំជារបៀបវារៈ។ ក្នុងយុទ្ធសាស្រ្តបញ្ចកោណនេះ ការអភិវឌ្ឍន៍ធនធានមនុស្សមានមុមចំនួន៥ ដែលមុមទី៥ផ្ដោតទៅលើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម និងមានភាពមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន»៕