(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សច្ចធម៌របស់សម្តេចតេជោ ធ្វើឱ្យកងទ័ពខ្មែរក្រហមជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល។ ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះបានធ្វើឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា៖ «ខ្ញុំប្រាប់ អង្គុយជជែកគ្នាជាមួយឯកឧត្តមប្រធាន ICAPP និងអនុប្រធានរបស់គាត់ ខ្ញុំថាគន្លឹះគឺការទុកចិត្តនយោបាយ៣ហ្នឹងបាននៅលើក្រដាស ប៉ុន្តែបើគ្មានការទុកចិត្ត និងការអនុវត្តជាក់ស្ដែងអត់ទេ។ ខ្មែរក្រហម ពេលដែលគាត់ចូលមកឥលូវនេះយើងមើលនៅកន្លែងខ្លះ គាស់ដីទៅនៅឃើញរណ្ដៅ ជីកគ្រាប់នៅសល់សុទ្ធតែ B, AK សុទ្ធតែគ្រាប់រាប់សែនគ្រាប់សម្រាប់ច្បាំងតវិញ។ បើសិនជាចូលមកហើយ៩៨ ស្រាប់តែអត់ធ្វើអី ស្រាប់តែក្បត់ពាក្យសន្យា អត់យោគយល់គាត់ ចាប់មេកងពលមេអី យកទៅកាត់ទោសគាត់ត្រឡប់ទៅវិញ យកកាំភ្លើងហ្នុងវាយមិនទាន់ចប់ផង»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា៖ «ធម៌ សច្ចៈធម៌ និងការយោគយល់ ខ្ញុំថាមានមូលដ្ឋាននយោបាយឈ្នះ-ឈ្នះ គឺមានមូលដ្ឋាននៅលើព្រះធម៌នេះឯង។ នេះហើយគឺជាអ្វីដែលពិភពលោកមកសិក្សាពីយើង។ ការផ្ដល់ការយោគយល់ សច្ចៈធម៌នេះហើយដែលធ្វើឱ្យយើងរួមគ្នា។ សច្ចៈធម៌ខ្ញុំប្រាប់គាត់ទៅទៀត សម្ដេចតេជោ លោកមានប្រសាសន៍ថា តុលាការអន្តរជាតិ សាលាក្ដីខ្មែរក្រហម មុននឹងចាប់ជារូបរាងគឺមានការតស៊ូមតិខ្លាំង ពេលនោះសម្ដេចតេជោ ប្រកាន់ជំហរមួយយ៉ាងច្បាស់ថា «សុខចិត្តឱ្យតុលាការនេះបរាជ័យ តែមិនឱ្យប្រទេសធ្លាក់សង្រ្គាមវិញ» អ្នកស្ដាប់គាត់ស្ដាប់ចឹង តែមិនច្បាស់ ដល់ចប់ខ្ញុំជួបដាច់ដោយឡែកជាមួយប្រធាន និងសហប្រធានរបស់ ICAPP បានខ្ញុំពន្យល់ នៅក្នុងអង្គការចាត់តាំងខ្មែរក្រហម គឺមានថ្នាក់ដឹកនាំនយោបាយ និងថ្នាក់ដឹកនាំកណ្ដាល ដែលមានមេកងពល មេអីៗផ្សេងៗ អីចឹងយុទ្ធសាស្រ្តឌីហ្វីដ (DIFID) ដំបូងរបស់សម្ដេចគឺកាច់ញែក Divide បំបែករវាងមេដឹកនាំនយោបាយ និងមេដឹកនាំថ្នាក់ក្រោម។ អីចឹងនៅពេលដែលថ្នាក់ក្រោមចូលមកគឺអស់សង្រ្គាមហើយ ព្រោះបើមេដឹកនាំទាំហាន មេដឹកនាំចូលមកលែងវាយគ្នា មេដឹកនាំនយោបាយស្រែកក៏មិនវាយដែរ តែបើមេដឹកនាំទាហាននៅតែវាយ មេដឹកនាំនយោបាយស្រែកយ៉ាងមិច ក៏គេនៅតែវាយដែរ អីចឹងហើយនេះជាគោលការណ៍»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថាកន្លងសម្ដេច ធ្លាប់បានជួបជាមួយអតីតមេកងពលខ្មែរក្រហម គេបានបញ្ជាក់ប្រាប់សម្ដេចថា ដោយសារតួរអង្គសម្ដេចតេជោ និងការទុកចិត្ត នយោបាយសន្យាបែបណាមិនជឿទេ តែបើមនុស្សមិនប្រាកដ មិនសច្ចៈធម៌ ដោយសារតែជឿលើសម្ដេចតេជោ ទើបទម្លាក់អាវុធចុះ បើទោះជាពេលនោះនៅមានលទ្ធភាពវាយបកទៀតក៏ដោយ។

សូមបញ្ជាក់ផងដែរថា នយោបាយឈ្នះ-ឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាម និងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះ-ឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង៕