(ភ្នំពេញ)៖ បេក្ខជនចំនួន៥,៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បានចូលរួមប្រឡងប្រជែងក្នុងការជ្រើសរើមន្ត្រីកសិកម្មឃុំ ដែលការប្រឡងនេះត្រូវឆ្លងកាត់លើវិញ្ញាសារចំនួន០៣ប្រភេទ។

វិញ្ញាសារចំនួន ០៣ប្រភេទ ដែលបេក្ខជនត្រូវឆ្លងការកាត់នោះរួមមាន ទី១៖ វិញ្ញាសាសរសេរជំនាញកសិកម្ម ទី២៖ វិញ្ញាសាសរសេរភាសាអង់គ្លេស នឹងទី៣៖ វិញ្ញសាពហុចម្លើយ។

ការប្រឡងប្រជែងនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានថ្លែងក្នុងអំឡុងពេលកាត់វិញ្ញាសារថា វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវបានជ្រើសរើសចំនួន ១០សំណួរ ចេញពីជម្រើសវិញ្ញាសាចំនួន ២០សំណួរ ជាមួយការបញ្ចាក់ថា គ្រប់សន្លឹកវិញ្ញាសាទាំងអស់ សុទ្ធតែមានហត្ថលេខារបស់លោកផ្ទាល់។

ការត្រួតពិនិត្យយ៉ាងតុឺងរឹង ត្រូវបានធ្វើឡើងក្នុងការប្រឡងប្រជែងនេះ ដើម្បីធានាថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយអនុលោមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងស្របតាមគោលការណ៍ការកែទម្រង់រដ្ឋបាលសាធារណៈ។

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រសួងមុខងារសាធារណៈរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន១០០០នាក់ បន្ថែមទៀត ដើម្បីពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅតាមបណ្តាខេត្ត។

សូមបញ្ចាក់ថា ក្រសួងមុខងារសាធារណៈ កាលពីឆ្នាំ២០២៣ បានជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ ដែលក្នុងពេលបច្ចុប្បន្នកំពុងបំពេញការងារនៅតាមបណ្តាឃុំ ចំនួន២៥០ទូទាំងប្រទេស ដែលការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនេះ គឺជាកម្មវិធីនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវអនុវត្តភ្លាមៗ៕