(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP)នៅរសៀលថ្ងៃទី២៣ ខែវិចិ្ឆកាឆ្នាំ២០២៤នេះ បានជួបពិភាក្សាកាងារជាមួយ លោក ដេវ រ៉ាច់ ហ្គីមៀ (Dev Rej Ghimire) ប្រធានរដ្ឋសភាជាន់ខ្ពស់ នេប៉ាល់ក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ(IPTP)លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ជូនចំពោះ លោក ដេវ រ៉ាច់ ហ្គីមៀ ប្រធានរដ្ឋសភានេប៉ាល់ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងព្រឹត្ដិការណ៍ដ៏សំខាន់ចំនួន២ នៅកម្ពុជា គឺកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិ ដើម្បីភាពអត់ឱន និងសន្ដិភាព(IPTP) និងសន្និសីទអន្ដរជាតិ នៃបណ្តាគណប្សនយោបាយអាស៊ីលើកទី១២(ICAPP) ហើយបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយ ជាមួយសម្តេចនាឱកាសនេះទៀត។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះប្រទេសនេប៉ាល់ ដែលតែងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជារៀបចំទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ។ សម្តេចបានគូសបញ្ជាក់ថា វត្តមានរបស់នេប៉ាល់ ជាមួយកម្ពុជា បានបង្ហាញពីឆន្ទៈនិងគោលបំណងស្រឡាញ់ការពារសន្តិភាព ជាពិសេសការរួមចំណែកដល់ការពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនងទាំងសងខាង។

លោក ដេវ រ៉ាច់ ហ្គីមៀ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងនេប៉ាល់។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទំាងពីរមានសក្តានុពលទេសចរណ៍និងវប្បធម៌ដូចគ្នា។ ឯកឧត្តមបានលើកឡើងថាប្រជាពលរដ្ឋកម្ពុជាជាច្រើនបានធ្វើដំណើរទស្សនានៅប្រទេសនេប៉ាល់ នៅក្នុងមួយឆ្នាំៗ ក្នុងនាមជាពុទ្ធសាសនិក ដោយសារនេប៉ាល់ជាទឹកដីដើមកំណើតរបស់ព្រះពុទ្ធ។

ជាមួយគ្នានេះ លោកប្រធានរដ្ឋសភា បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ បានជូនពរដល់សភាកម្ពុជា ទទួលបានជោគជ័យនៅក្នុងការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ (IPTP) ដើម្បីផលប្រយោជន៍រួមរបស់សកលលោក។ 

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា វត្ដមានរបស់ឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ IPTP និងចូលរួមក្នុងសន្និសីទ ICAPP នៅកម្ពុជានាពេលនេះ បានបង្ហាញនូវការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ ហើយបានផ្ដល់កិត្ដិយស និងកិត្ដិនាមដល់កម្ពុជាដ៏ធំធេង នៅក្នុងឆាកអន្ដរជាតិ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ដេវ រ៉ាច់ ហ្គីមៀ សន្យាថានឹងពង្រឹងទំនាក់ទំនងសភាប្រទេសទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគីព្រមទំាងជំរុញលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជានឱ្យកាន់តែជិតស្និទ្ធដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនលូតលាស់បន្ថែមទៀត៕