(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ រដ្ឋសភាកម្ពុជានឹងបើកជាផ្លូវការនៃ សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីបើកសម័យប្រជុំជាផ្លូវការនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត។

ក្នុងពិធីបើកសម័យប្រជុំនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹង​ថ្លែងបទបាឋកថាពិសេសស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្ត នយោ​បាយឈ្នះ-ឈ្នះ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ច​ខិត​ខំប្រឹងប្រែងរបស់ខ្លួន ដោយសហការជាមួយភាគីពាក់ព័ន្ធ។

សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា២វគ្គ

* ១៖ ពិភាក្សាអំពីការជំរុញ និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាង​សន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល។

* ២៖ ពិភាក្សាអំពី ការពង្រឹងពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការតភ្ជាប់ប្រកបដោយបរិយាបន្ន។

ទន្ទឹមនឹងនេះ IPTP គ្រោងនឹងដាក់ចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្ម​នុញ្ញ​សន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើ​គន្លឹះសំខាន់ៗ​ចំនួន៥ ជាអាទិ៍ ១. ការទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរ​កាល ៤. ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហា​មនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥.សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាពក្នុងបរិបថនៃការប្រែប្រួលអាកាសធាតុ។

ក្នុងអំឡុងពេលសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញ​ចំនួន​៥ផងដែរ ក្នុងនោះរួមមាន៖ ១. កិច្ចប្រជុំគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា ២. កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ ៣. កិច្ចប្រជុំ គណៈកម្មា​ធិការ​សន្តិសុខ ស្បៀងអាហារ-ថាមពល-ទឹកនិងបរិស្ថាន ៤. កិច្ចប្រជុំគណៈ​កម្មា​ធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ៥. កិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានទទួលជួប​សម្តែង​ការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័ន​អន្តរសភា​អន្តរជាតិ ប្រធានសភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក អាយភីធីភី មួយចំនួនផងដែរ។

ពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរធម្មនុញ្ញសន្តិភាព នឹងត្រូវធ្វើឡើងនៅ​​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងមានការប្រគល់ «ពាន​រង្វាន់​សន្តិភាពដើម្បីមនុស្សជាតិ និង ភពផែនដី» ជូនឥស្សរជនឆ្នើមពិភពលោក ផងដែរ។

សូមជម្រាបថា IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកល​សម្រាប់​ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយ ត្រូវបានបង្កើត​ឡើងក្នុងឆ្នាំ២០១៧។ IPTP គឺជាវេទិកាសម្រាប់សមាជិកសភា ពិភាក្សាលើ​បញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ IPTP ត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨៕