(បន្ទាយមានជ័យ)៖ ស្ពានបាឡេមួយកន្លែង នៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបាក់ស្រត់ចូលអូរបណ្តាលមកពីរថយន្តយីឌុបដឹកស្រូវពេញឆ្លកាត់ ត្រូវបានអាជ្ញាធរកសាងស្ពានបណ្តែតទឹកជាបណ្តោះអាសន្ននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រថយន្តធុនធំប្រភេទយីឌុបភ្លៅ៥ បានដឹកស្រូវពេញឆ្លងកាត់ស្ពានបាឡេបណ្តាលបាក់ស្រុតចូលអូរ តែសំណាងមិនក្រឡាប់ចាក់ស្រូវចូលទឹកអូរ ហើយមិនមានរងគ្រោះនរណាម្នាក់នោះទេ។
លោកបានបញ្ជាក់ថា ក្រោយស្ពានបាក់ចូលអូរ ប្រជាពលរដ្ឋ និងសិក្សានុសិស្សមិនអាចឆ្លងកាត់បាននោះទេ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងយោធាកងពលថ្មើជើងលេខ៥១ បានជួយអន្តរាគមន៍ដោយប្រើប្រាស់កាណូតស្មាច់ដឹកសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់អូរ។
លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង ម្ចាស់រថយន្តបានឲ្យកម្មករលីស្រូវចេញពីរថយន្តអស់ ហើយបានស្ទូចរថយន្តចេញពីស្ទាន។ អាជ្ញាធរបានសាងសង់ស្ពានបណ្តែតសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ជាបណ្តោះអាសន្ន៕