(ភ្នំពេញ)៖ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នា២០២៤។
ដំណើរនិមន្តរបស់ព្រះសង្ឃទាំង៦អង្គ បានមកដល់ច្រកព្រំដែនកម្ពុជា-វៀតណាមប្រមាណនៅម៉ោង ១៖០០នាទីរសៀល ថ្ងៃនេះ ដោយមានគណៈប្រតិភូកម្ពុជា រង់ចាំទទួលព្រះសង្ឃនៅច្រកអន្តរជាតិជ្រៃធំផ្ទាល់តែម្ដង។
នៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចនេះ ព្រះសង្ឃទាំង៦អង្គ នឹងចូលក្រាបបង្គគាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នៅវត្តបទុមវតី ហើយនិមន្តបន្តទៅកាន់អក្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីចូលក្រាបថ្វាយបង្គំសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លីមហេង ដើម្បីពិភាក្សាពិវិស័យពុទ្ធិកសិក្សាផងដែរ។
បន្ថែមពីនេះ ព្រះសង្ឃគ្រប់ព្រះអង្គ រួមជាមួយនឹងគណៈប្រតិភូកម្ពុជា នឹងបន្តទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដើម្បីចូលថ្វាយបង្គំសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ហើយបន្តនិមន្តទស្សនកិច្ចនៅវត្តរាជបូព៌ ជាពិសេសនឹងនិមន្តទៅទស្សនកិច្ចបន្តនៅកាន់តំបន់អង្គរវត្តថែមទៀត។
សូមជម្រាបថា ការនិមន្តបំពេញទស្សនកិច្ចរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម គឺដើម្បីឱ្យទំនាក់ទំនងរវាងព្រះសង្ឃខ្មែរកម្ពុជាក្រោម និងព្រះមន្ត្រីសង្ឃពិភាក្សាអំពីព្រះវិន័យ ព្រះត្រៃបិដក និងអំពីប្រពៃណីទំនៀមទម្លាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ៕