(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ឃើញថា ការអប់រំកុមារតូច ពិតជាសារៈសំខាន់សម្រាប់ជាមូលដ្ឋានគ្រឹះមូលធនមនុស្សប្រកបដោយស្មារតីជាតិរឹងមាំ ហើយការអប់រំកុមារតូចនៅថ្នាក់មតេយ្យ គឺជារឿងត្រូវគិតគូខ្លាំងជាងគេ មុននឹងបន្តទៅរៀននៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបន្តបន្ទាប់ទៀត ព្រោះថាក្មេងថ្ងៃនេះ នាថ្ងៃអនាគត ពួកគេជាអ្នកកំណត់ពីសមត្ថភាពជាតិ ដូច្នេះហើយយើងត្រូវសម្រួចថ្ងៃនេះ ដើម្បីថ្ងៃខាងមុខ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាភាពជាដៃគូអភិវឌ្ឍកូរ៉េ-កម្ពុជា ស្តីពី «គោលនយោបាយនិងការអនុវត្តគរុកោសល្យបរិយាបន្នសម្រាប់ការអប់រំកុមារតូច ការចែករំលែកទស្សនៈទានសម្រាប់គុណភាពអប់រំកាន់តែប្រសើរ» ដែលសហការរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានថែទាំនិងអប់រំកុមារតូចកូរ៉េ ឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានអភិវឌ្ឍកូរ៉េ KDI នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងថា គោលនយោបាយ ស្តីពីការអប់រំបរិយាបន្នបានអភិវឌ្ឍ និង អនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៨ ស្របនឹងគោលដៅ SDG ដោយមានគោលបំណងបណ្តុះការអប់រំដល់ជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ដើម្បីឱ្យពួកគាត់មានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញដែលអាចជួយឱ្យពួកគាត់ក្លាយខ្លួនជាសមាជិកសកម្ម និងអាចរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។ គោលនយោបាយនេះមានវិសាលភាពលើការអប់រំចាប់ពី មតេយ្យសិក្សារហូតដល់ឧត្តមសិក្សា តាមគ្រឹះស្ថានសាធារណៈនិងឯកជន។

ជាមួយគ្នានេះដែរ លោកបណ្ឌិត បានបន្តថា ការអប់រំបរិយាបន្ន ឆ្លើយតបទៅនឹងសេចក្តីត្រូវការទាំងឡាយរបស់បុគ្គល និងក្រុមនានាតាមរយៈការលើកកម្ពស់ការចូលរួមក្នុងការសិក្សា វប្បធម៌ និងសហគមន៍ និងលុបបំបាត់ការផាត់ចេញពីប្រព័ន្ធអប់រំ។ ការអប់រំនេះទាមទារឱ្យមានការអភិវឌ្ឍជាប្រចាំនូវខ្លឹមសារមេរៀន យុទ្ធវិធី ទម្រង់ និងយុទ្ធសាស្រ្ត ដើម្បីទាញជនគ្រប់រូបទៅក្នុងប្រព័ន្ធអប់រំ។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអប់រំកុមារតូច ពិតជាសារៈសំខាន់សម្រាប់ជាមូលដ្ឋានគ្រឹះមូលធនមនុស្សប្រកបដោយស្មារតីជាតិរឹងមាំ។ ហេតុនេះការអប់រំកុមារតូចនៅថ្នាក់មតេយ្យ គឺជារឿងត្រូវគិតគូខ្លាំងជាងគេ មុននឹងបន្តទៅរៀននៅកម្រិតបឋមសិក្សា និងភូមិសិក្សាបន្តបន្ទាប់ទៀត ព្រោះថាក្មេងថ្ងៃនេះ នាថ្ងៃអនាគត ពួកគេជាកំណត់ពីសមត្ថភាពជាតិ, ដូច្នេះហើយ ទើបយើងត្រូវសម្រួចថ្ងៃនេះ ដើម្បីថ្ងៃខាងមុខ។ អប់រំកុមារតូច ក៏ជាចំណុចអាទិភាពមួយ នៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តទី៧ ក្រោមការដឹកនាំរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា»

ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត គូសបញ្ជាក់ថា អប់រំកុមារតូច នៅកម្ពុជាហាក់នៅមានកម្រិតបើធៀបជាមួយនឹងសាធារណរដ្ឋកូរ៉េ ដែលតម្រូវឱ្យយើងត្រូវសិក្សាឈ្វេងយល់បន្ថែមទៀតពីចំណុខ្លាំង និងចំណុចខ្សោយរបស់គេ ដើម្បីជាយកមកតម្រង់ទិស និងកែសម្រួលឱ្យសមស្របទៅតាមសង្គមកម្ពុជា។

១យើងអាចវាយតម្លៃបានថា សិក្ខាសាលារបស់យើងនាពេលនេះ ដើរតួរជាមជ្ឈមណ្ឌលជួបប្រជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងវត្ថុបំណងទី១៖ កំណត់បញ្ហាប្រឈមរួមនិងដោយឡែកអំពីការអប់រំកុមារតូច, ទី២៖ ប្រមូលទស្សនៈ បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្ត្រដើម្បីជំរុញប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលកុមារតូចនៅកម្ពុជា, ៣៖ កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចមានដើម្បីដោះស្រាយបញ្ហារួម, និងទី៤៖ ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ ដែលមានវត្តមានក្នុងសិក្ខាសាលានេះ។ នេះជាថ្លែងបន្ថែមរបស់លោកបណ្ឌិត យង់ ពៅ៕