(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា ឥទ្ធិពលនៃបដិវត្តន៍ពណ៌ បាននាំទៅរកការផ្លាស់ប្តូររបបនយោបាយ ការបង្កើតបទដ្ឋាននយោបាយថ្មី ឬការផ្លាស់ប្តូរមេដឹកនាំថ្មី។ ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បដិវត្តន៍ពណ៌បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងរហូតដល់នាំប្រទេសជាតិឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញទៀតផង។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងនៅក្នុងវេទិកាភ្នំពេញលើកទី៣ ស្តីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងមានការវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យ» (Colour Revolutions and the Evolving Global Order: Challenges to Sovereignty and Democracy) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ
លោកបណ្ឌិត គិន ភា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទិដ្ឋភាពនយោបាយពិភពលោកត្រូវបានកំណត់ដោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងអំណាចនយោបាយ ជាមួយនឹងការលេចឡើងនូវចលនាមហាជនប្រឆាំងនឹងរដ្ឋាភិបាល។ ចំណុចស្នូលនៃរលកចលនានេះ គឺជាអ្វីមួយដែលគេហៅថា «បដិវត្តន៍ពណ៌» ដែលបានកើតឡើង និងបានកែប្រែទិដ្ឋភាពនយោបាយនៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត រហូតដល់មជ្ឈិមបូព៌ា ដូចជា៖ ទុយណេស៊ី លីប៊ី ស៊ៀរី យ៉េម៉ែន អេហ្ស៊ីប។ល។ និងថ្មីៗបំផុតនៅអាស៊ីខាងត្បូង គឺប្រទេសបង់ក្លាដែស។ ចលនាទាំងនោះជារឿយៗត្រូវបានកំណត់លក្ខណៈដោយការប្រើប្រាស់ពណ៌ ឬនិមិត្តសញ្ញាអ្វីមួយធ្វើជាចំណុចប្រមូលផ្តុំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលពួកគេយល់ថា ជារដ្ឋាភិបាលផ្តាច់ការឬរដ្ឋាភិបាលពុករលួយ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា បដិវត្តន៍ពណ៌ទាំងនោះមិនត្រឹមតែបានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅក្នុងប្រទេស ដែលបដិវត្តន៍នោះបានផ្ទុះឡើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលយ៉ាងឆាប់រហ័សទៅលើការពិភាក្សាយ៉ាងទូលំទូលាយអំពីលទ្ធិប្រជាធិបតេយ្យ ការតស៊ូរបស់ប្រជាជនស៊ីវិល អធិបតេយ្យជាតិ ឯករាជ្យ ឥទ្ធិពលនៃមហាអំណាចខាងក្រៅ និងសណ្តាប់ធ្នាប់អន្តរជាតិនៅក្នុងពិភពលោកពហុប៉ូលទៀតផង។
លោកបណ្ឌិត បានបន្តថា គេកត់សម្គាល់ឃើញមានទស្សនៈចម្រុះជុំវិញអត្ថិភាព និងឥទ្ធិពលនៃបដិវត្តន៍ពណ៌នេះ អ្នកខ្លះយល់ថា បដិវត្តន៍ពណ៌ជាដំណើរការជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យសំដៅលើកកម្ពស់សេរីភាព និងយុត្តិធម៌សង្គមកាន់តែប្រសើរឡើង ប៉ុន្តែអ្នកខ្លះទៀតយល់ថា វាជាឧបករណ៍នយោបាយរបស់មហាអំណាចដោយប្រើប្រាស់អ្នកនយោបាយប្រឆាំង ឬកម្លាំងមហាជនដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេសណាមួយ និងជាបញ្ហាប្រឈមចំពោះ អធិបតេយ្យជាតិ។
លោកបណ្ឌិត គិន ភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥទ្ធិពលនៃបដិវត្តន៍ពណ៌បាននាំទៅរកការផ្លាស់ប្តូររបបនយោបាយ ការបង្កើតបទដ្ឋាននយោបាយថ្មី ឬការផ្លាស់ប្តូរមេដឹកនាំថ្មី។ ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត បដិវត្តន៍ពណ៌បានបង្កអស្ថិរភាពនយោបាយ វិបត្តិសេដ្ឋកិច្ច និងរហូតដល់នាំប្រទេសជាតិឱ្យចូលក្នុងសង្គ្រាមស៊ីវិលដែលពិបាករើខ្លួនចេញទៀតផង»។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត គិន ភា បានឱ្យដឹងថា ក្នុងនាមជាប្រទេសមួយដែលមានប្រវត្តិផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ កម្ពុជាយល់យ៉ាងច្បាស់ពីតុល្យភាពដ៏ផុយស្រួយរវាងការទទួលយកនូវកំណែទម្រង់ និងការរក្សាមូលដ្ឋានគ្រឹះនៃអធិបតេយ្យជាតិ។ ប្រវត្តិសាស្ត្ររបស់យើងរំលឹកយើងពីសារៈសំខាន់នៃការរក្សាឯកភាពជាតិ និងអត្តសញ្ញាណជាតិនៅពេលប្រឈមមុខនឹងសម្ពាធពីខាងក្រៅដំណាលគ្នានឹងការខិតខំបំពេញតាមសេចក្តីប្រាថ្នាឥតឈប់ឈររបស់ប្រជាជនយើងចំពោះសន្តិភាពដែលយើងរកបានដោយលំបាក និងមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ស្ថិរភាពនយោបាយ និងវិបុលភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏បានរម្លឹកនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្លែងនៅក្នុងមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា «ICAPP» សម្តេចតេជោ បានរំឭកពីការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនិងស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានលើកឡើងពីវិធីសាស្ត្ររបស់ក្រុមធ្វើបដិវត្តន៍ពណ៌ ដែលត្រូវបានរៀបចំឡើងនៅកម្ពុជាតាមរយៈការប្រើប្រាស់ហ្វូងមនុស្សមកផ្ដួលរំលំរដ្ឋាភិបាលដោយវិធីសាស្ត្រដំបូងរបស់ពួកគេ គឺធ្វើឱ្យអព្យាក្រឹតកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលដោយប្រើប្រាស់សិទ្ធិមនុស្ស ជាឧបករណ៍នយោបាយ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា «សម្រាប់កម្ពុជា អព្យាក្រឹតភាពអនុញ្ញាតឱ្យមានតែរវាងគណបក្សនយោបាយនិងគណបក្សនយោបាយតែប៉ុណ្ណោះ ប៉ុន្តែកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិលគឺជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹតបានទេ។ ដូច្នេះ ពួកអ្នកបដិវត្តន៍ពណ៌ក៏មិនអាចធ្វើអ្វីបានដែរ។ យើងត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ បើមិនដូច្នោះទេ ឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សាជាថ្មីម្ដងទៀត។ ដូច្នេះ យើងត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ឱ្យខាងតែបាន»។
លោកបណ្ឌិត គិន ភាព បានបញ្ជាក់ថា សណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្តបានបង្ហាញពីភាពស្មុគស្មាញកាន់តែខ្លាំងឡើង។ ខណៈពេលដែលជវភាពអំណាចមានការផ្លាស់ប្តូរ ហើយខណៈដែលបច្ចេកវិទ្យាបង្កើនល្បឿន ការឈានទៅដល់នៃគំនិតអន្តរកម្មរវាងចលនាក្នុងស្រុក និងចរន្តពិភពលោកកាន់តែលេចឡើងយ៉ាងច្បាស់។ អន្តរកម្មនេះប្រឈមទៅនឹងគំនិតបែបប្រពៃណីនៃអភិបាលកិច្ច ការទូត និងភាពធន់របស់ជាតិ។ ជាឧទាហរណ៍ ឥទ្ធិពលដែលកំពុងកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាឌីជីថល បានផ្លាស់ប្តូរវិធីសាស្ត្រនៃការរៀបចំចលនានានា ទម្រង់នៃនិទានកថានយោបាយ និងរបៀបឆ្លើយតបរបស់រដ្ឋាភិបាល៕