(សៀមរាប)៖ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពី «ការប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានប្រឆាំងភេរវកម្ម ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ» នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ អ្នកជំនាញជាតិ- អន្តរជាតិមកពីបណ្តាប្រទេសចំនួន ១០ នៅក្នុងតំបន់អាស៊ី ព្រមទាំងតំណាងសហភាពអឺរ៉ុប (EU) និងស្ថាប័ននគរបាលអន្តរជាតិ (អាំងទ័រប៉ូល) ប្រមាណ ៧០នាក់ចូលរួមផងដែរ។
សន្និសីទនេះ គឺជាព្រឹត្តការណ៍សកល លើកទី៣ ដែលត្រូវបានរៀបចំឡើងដោយ EU Global Facility ក្រោមកិច្ចសហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) បន្ទាប់ពីលើកទី ១ រៀបចំនៅប្រទេសអេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។ សន្និសីទនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងចែករំលែកចំណេះដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់នេះ និងបានថ្លែងអំណរគុណ EU Global Facility និងក្រុមប្រទេសអាស៊ី- ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលបានផ្តល់ទំនុកចិត្តដល់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍នេះ ព្រមទាំងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំងអស់ ដែលមកកាន់ខេត្តសៀមរាប។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ អ្នកចូលរួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្តក្នុងការប្រឆាំងសកម្មភាពខុសច្បាប់ នៅក្នុងទីផ្សារ ជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធផងដែរ។
ក្នុងសន្និសីទនេះដែរ ក៏មានការចូលរួមជាគណធិបតីពី លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងយុត្តិធម៌ និងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈផងដែរ៕