(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ និងប្រកបដោយឆន្ទៈដ៏មុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះសំខាន់ជាច្រើន ដែលក្នុងនោះវិស័យយានយន្តអគ្គិសនីក៏​ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ផងនោះ បានធ្វើឱ្យការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាលំដាប់ ជាក់ស្តែងឆ្នាំ២០២៤នេះ ការប្រើប្រាស់​យានយន្តអគ្គិសនីកើនឡើងជាង ២៩០% បើធៀបនឹងឆ្នាំ២០២៣។

លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកអញ្ជើញជាអធិបតី​បើកពិព័រណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទីស្តីការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោកឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមាន លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ ជាច្រើនរូបទៀត។

លោក ប៉េង ពោធិ៍នា បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ វិស័យយានយន្តអគ្គិសនីត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមាន សក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។

ជាមួយគ្នានោះដែរពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពិព័រណ៍យានយន្តអគ្គិសនី លោក ប៉េង ពោធិ៍នា បានឱ្យដឹងដែរថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងជូនដល់មន្ត្រីរាជការ អ្នកប្រើប្រាស់ និងសាធារណជនគ្រប់ស្រទាប់ទាំងអស់អំពីបច្ចេកវិទ្យាថ្មីៗ ការប្រើប្រាស់ឧបករណ៍បរិក្ខារទំនើបៗ និងអត្ថប្រយោជន៍ជាច្រើន សំដៅលើកកម្ពស់និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀតជំនួសការប្រើប្រាស់​យានយន្តប្រើប្រេងឥន្ធនៈ។

លោកបានអះអាងដែរថា បច្ចុប្បន្នពិភពលោកកំពុងមានក្តីបារម្ភពីការបំភាយ ឧស្ម័នកាបូនឌីអុកស៊ីតចេញពីយានយន្តចំហេះក្នុងដែលជាកត្តាដ៏គ្រោះថ្នាក់មួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់​បណ្តាលឱ្យផែនដី​មានការឡើងកម្ដៅ ការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថានពិភពលោកទាំងមូល។ ឆ្លើយតបទៅនឹងបញ្ហាខាងលើប្រទេសនានាក្នុងតំបន់ និងពិភពលោកបានបង្វែរ​ចំណាប់អារម្មណ៍ និងលើកទឹកចិត្តពីការប្រើប្រាស់យានយន្តដើរដោយប្រេងឥន្ធនៈ ទៅជាការប្រើប្រាស់យានយន្តអគ្គិសនី​ដែលកំពុងមានការកើនឡើង​ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានោះលោក ប៉េង ពោធិ៍នា ក៏បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថាព្រឹត្តិការណ៍ ពិព័រណ៍យានយន្តអគ្គិសនី ប្រចាំឆ្នាំ២០២៤ នឹងជួយលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ពីសាធារណជន ក្នុងការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃការ បំពុលបរិស្ថាន។

ជាងនេះទៅទៀតការអភិវឌ្ឍនិងកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី គឺជាផ្នែកមួយមិនអាចខ្វះបាននៃដំណើរការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា ក៏ដូចជាវិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល ជាពិសេសជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ លើការប្រើប្រាស់ប្រេងឥន្ធនៈ លោកក៏បានសំណូមពរដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សហការគ្នាបន្ថែមទៀត ដើម្បីអភិវឌ្ឍ និងលើកកម្ពស់វិស័យយានយន្ត អគ្គិសនីនៅកម្ពុជា ឱ្យកាន់តែពេញនិយម និងទូលំទូលាយផងដែរ។

បើតាមលោក ឈួន វ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តសរុបចំនួន ៧,៦១៨,៦៦៩គ្រឿង ក្នុងនោះទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ៦,៤៧០,៩១៧ គ្រឿង រថយន្តធុនស្រាលចំនួន ៨៤៧,១៨៩ គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៣០០,៥៦៣ គ្រឿង។ ដោយឡែកយានយន្តអគ្គិសនីមានចំនួនសរុប ៤,៣២០គ្រឿង ក្នុងនោះរថយន្តអគ្គិសនីចំនួន ២,៥១៣គ្រឿង ត្រីចក្រយានយន្តអគ្គិសនីចំនួន ៤៧៨ គ្រឿង និងទោចក្រយានយន្តអគ្គិសនីចំនួន១,៣២៩ គ្រឿង៕