(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)។ ពិធីនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្ដាំផ្ញើរដល់ប្អូនៗ ជាយោធិនជ្រើសរើសថ្មី ត្រូវបន្តប្រឹងប្រែងរៀនសូត្រហ្វឹកហាត់ ស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីបម្រើការងារជូនអង្គភាព និងប្រជាពលរដ្ឋ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងសិក្ខាកាម នៃកងរាជអាវុធហត្ថ ជ្រើសរើសថ្មីផងដែរ៕