(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឲ្យលោក សម រង្ស៊ី មេដឹកនាំក្រុមចលនាប្រឆាំងខុសច្បាប់នៅក្រៅប្រទេស ដែលធ្វើនយោបាយតាំងពីមានមនុស្សច្រើន រហូតគេរត់ចោលអស់។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអតីតអ្នកគាំទ្រលោក សម រង្ស៉ី បានដើរចេញពីក្រុមចលនាប្រឆាំងខុសច្បាប់នៅក្រៅប្រទេសរបស់លោក និងចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដូចទឹកបាក់ទំនប់ មិនថាអ្នកនៅក្នុងស្រុក និងក្រៅស្រុក។ ថ្មីៗនេះ លោក ហៃ វណ្ណា អតីតប្រធានចលនា​យុវជន​អតីត​គណបក្សសង្គ្រោះជាតិប្រចាំ​ប្រទេស​ជប៉ុន ក៏បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី ក៏ដូចជាក្រុមចលនាប្រឆាំងខុសច្បាប់នៅក្រៅប្រទេស និងស្ម័គ្រចិត្តចូលរួមបម្រើប្រទេសជាតិវិញផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះ-ឈ្នះ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកណាស្រែកនៅក្រៅអីស្រែកទៅ! (សម រង្ស៉ី) អស់ខ្យល់ទៅហើយ ខ្ញុំអាណិតដែរ ពេលខ្លះ។ ឥលូវក្មេងៗ ដែលធ្លាប់ជឿគាត់ ដើរចោលគាត់អស់ទៅហើយ។ កាលមុនថា អ្នកនយោបាយជំនាន់គាត់ចុះ (ដើរចោល) អតីតសមាជិកសភា គណបក្សសង្គ្រោះជាតិអី ធ្លាប់នៅជាមួយគាត់ ដើរចូលមកគណបក្សប្រជាជនកម្ពុជាហើយ។ ឥលូវ សូម្បីក្មេងៗនៅជប៉ុន នៅអីដើរចោលគាត់ទៀត [...] ដោយសារកាត់និយាយទៅវ៉ល់ៗ (មិនច្បាស់) ច្រើនពេក ហើយសម្រាប់ប្រជាពលរដ្ឋយើង ងាយស្រួលក្នុងការដឹង និងយល់»

សូមជម្រាបថា លោក សម រង្ស៉ី អំពាវនាវឲ្យមហាជន ជាពិសេសអ្នករស់នៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះ-ឈ្នះ នាំគ្នាធ្វើចលនាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺលោក សម រង្ស៉ី បានបោកបញ្ឆោតយុវជននៅកម្ពុជា ជាពិសេសពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះ-ឈ្នះ និងយុវជននៅក្រៅប្រទេស ដូចជាជប៉ុន និងកូរ៉េ ធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ខណៈសម្តេចមហាបវរធិបតី បានអំពាវនាវប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់សង្គ្រាម ក៏ដូចជាចលនាខុសច្បាប់ទាំងឡាយ ដែលនាំជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «មានអ្នកដែលព្យាយាមញុះញង់ អីចឹងខ្ញុំសុំតែប៉ុណ្ណឹង យករឿងបឹងជង្រុកឲ្យប្រឆាំងរដ្ឋអំណាច! យើងរួមគ្នាជឿរាជរដ្ឋាភិបាល បន្តអភិវឌ្ឍបឹងជង្រុកតទៀត ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាព និងរួមគ្នា ដើម្បីឲ្យជំនាន់ក្រោយកាន់តែសំបូរសប្បាយថែមទៀត»