(ភ្នំពេញ)៖ លោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ រយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ។

តាមរយៈកិច្ចសម្ភាសជាង៥នាទីរបស់លោកស្រី ម៉ែន នារីសោភ័គ នៅព្រឹកនេះបានថ្លែងឲ្យដឹងថា ការរៀបចំបោះជំរំយុវជនដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើង ជាលើកទី១ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ។

ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។ ព្រមជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម។

ការបោះជំរំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនសម្រាប់សមាជិកសមាជិកាជំរំជាយុវជនទាំងអស់ដែលជាអ្នកដឹកនាំវ័យក្មេង ព្រមទាំងរៀបចំសកម្មភាពចុះតាមសហគមន៍ដែលបង្កប់នូវចំណេះដឹង បំណិនជីវិត និងការអប់រំចំពោះយុវជនទាំងអស់ផងដែរ ដើម្បីជ្រាបកាន់តែច្បាស់ សូមតាមដានទស្សនានូវកិច្ចសម្ភាសជាមួយ លោកស្រី ម៉ែន នារីសោភ័គ ដូចតទៅ៖