(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវបរិយាកាសល្អសម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ និងបានប្រកាន់នូវគោលជំហរហ្មឺងម៉ាត់បន្តលើកស្ទួយសេរីភាពខាងសារព័ត៌មាន ដោយស្មើភាព គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។
ការបញ្ជាក់បែបនេះរបស់លោក ទេព អស្នារិទ្ធ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់បណ្តាញផ្សព្វផ្សាយសន្តិភាព និងកសាងសន្តិភាពសហគមន៍ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ។
លោក ទេព អស្នារិទ្ធ បានថ្លែងថា ក្នុងបរិបទសង្គមឌីជីថលបច្ចុប្បន្ន គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមដ៏ធំមួយទាំងក្នុងប្រទេសកម្ពុជា និងលើពិភពលោក ជាពិសេសដោយសារការរីកសាយភាយយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ លើប្រព័ន្ធអ៉ីនធឺណិត និងបណ្តាញទំនាក់ទំនងសង្គម បូកផ្សំគ្នានឹងការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានជំរុញការសាយភាយព័ត៌មានក្លែងក្លាយកាន់តែមានឥទ្ធិពល ធ្វើឱ្យមានហានិភ័យខ្ពស់ប្រកបដោយគ្រោះថ្នាក់បំផុត ជះផលអវិជ្ជមានកាន់តែខ្លាំងឡើងដល់ស្ថិរភាព សន្តិសុខសង្គម និងសន្តិភាពដែលយើងទាំងអស់គ្នាខិតខំការពារនិងថែរក្សាតជំនាន់រហូតមកទល់ពេលនេះ។
អ្នកនាំពាក្យបានបន្ថែមថា ក្នុងបរិបទនេះ អ្នកសារព័ត៌មានជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែកក្នុងការពារសន្តិភាព និងលើកស្ទួយការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រោះជាភ្នាក់ងារសកម្មក្នុងការពាំនាំនូវព័ត៌មាន ចំណេះដឹង ការអប់រំ និងការកម្សាន្ត ដោយផ្សព្វផ្សាយព័ត៌មានពិត ដោយការទទួលខុសត្រូវ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ព្រោះការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវនឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណៈជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានលើកឡើងថា អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិតត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន។ អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។
លោកបានថ្លែងថា អ្នកសារព័ត៌មានត្រូវប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ដោយការទទួលខុសត្រូវ៖ សូមកុំដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមអ្នកសារព័ត៌មាន។ ត្រូវគោរពតួនាទី និងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន! អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម ភាពចលាចល ឬការបែកបាក់ក្នុងសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។ ត្រូវចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ខ្លឹមសារមានតុល្យភាពព័ត៌មាន ដោយផ្តល់សំឡេងដល់គ្រប់ភាគីពាក់ព័ន្ធក្នុងរឿងនីមួយៗ។
ក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអរគុណចំពោះអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត យកចំណេះនិងជំនាញវិជ្ជាជីវៈ ដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មាន សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋ សង្គមទាំងមូល និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន។
លោកក៏សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពជំនាញឱ្យកាន់តែប្រសើរ និងកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ៕