(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងថា កម្មវិធីផ្តល់ដីការពារព្រៃ គឺផ្តល់ជូនពលរដ្ឋអត់មានដីពិតប្រាកដ ហើយកម្មវិធីនេះ នឹងអនុវត្តន៍នៅដើមឆ្នាំក្រោយ។
សម្ដេចសម្តេចមហាបវរធិបតី បានបញ្ជាក់បន្ថែមថា ដីរដ្ឋជាដីរួម ហើយរដ្ឋនឹងចែកជូនពលរដ្ឋ ដែលអត់មានដីពិតប្រាកដ រាជរដ្ឋាភិបាលមិនមានគោលនយោបាយ ធ្វើបាបប្រជាពលរដ្ឋនោះឡើយ។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋដែលអត់ដីធ្លីពិតប្រាកដ គោលនយោបាយ របស់រាជរដ្ឋាភិបាល យើងចេញរៀបចំច្រើនណាស់ សូម្បីតែនៅក្រោយនយោបាយឈ្នះ ឈ្នះ នៅម៉ាឡៃ នៅសំឡូតនេះក៏បានផ្ដល់ដីសម្បទានជូន អតីតទាហានខ្មែរក្រហម គ្រាន់តែបងប្អូនខ្លះ ពិបាករស់នៅបានលក់ដីនេះ តែទោះជាយ៉ាងណាបងប្អូនបានដីកម្មសិទ្ធិ ជាក់ស្ដែងក្នុងឆ្នាំ១៩៩១-១៩៩២ ប្រជាពលរដ្ឋចូលទៅពីព្រំដែន គឺយើងចែកដីជូន។
សម្ដេចមហាបវរធិបតីបញ្ជាក់ថា ឥឡូវនេះយើងមានយន្ដការ របស់ក្រសួងដែនដី ជាមួយខេត្ត ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ យើងមានដីសម្បទានសេដ្ឋកិច្ច ហើយនៅខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យនេះ ដី, ផ្ទះ អតីតយុជនយើងបានធ្វើជូនពួកគាត់ច្រើនដូចជា នៅតេជោភ្នំឆ័ត្រជាដើម។
សម្ដេចសម្ដេចមហាបវរធិបតីបានបន្ថែមថា «ហើយឆាប់ៗខាងមុខនេះយើងនឹងមានកម្មវិធីមួយ គឺផ្ដល់ដីការពារព្រៃសម្រាប់ប្រជាជន ដែលអត់ដីពិតប្រាកដយើងរៀបចំកន្លែងឲ្យ និងអនុវត្តន៍នៅដើមឆ្នាំក្រោយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដូច្នេះកិច្ចការទាំងនេះយើងមិនធ្វើបាប ប្រជាពលរដ្ឋនោះទេ អ្វីដែលសំខាន់គឺយើងធ្វើយ៉ាងណា ដោះស្រាយតាមរូបភាព តាមច្បាប់ តាមទម្លាប់ [.....]។ ដីរដ្ឋជាដីរួម រដ្ឋមិនមែនជាម្ចាស់កម្មសិទិ្ធនោះទេ គឺរដ្ឋមានភារកិច្ចទទួលការពារដីនេះ ព្រៃនេះ ទុកឲ្យប្រជាជនប្រទេសកម្ពុជាយើងទាំងមូល»។
សម្តេចមហាបវរធិបតីបានបន្ថែមថា «ដូច្នេះរដ្ឋមានភារកិច្ច ប្រសិនបើប្រជាពលរដ្ឋ មានការចាំបាច់ខ្វះខាតពិប្រាកដ យើងនឹងពិនិត្យលទ្ធភាព ដើម្បីជូនទៅតាមយន្ដការណ៍ច្បាស់លាស់ តម្លាភាព និងត្រឹមត្រូវ។ ខ្ញុំសូមអំពាវនាវជូនប្រជាពលរដ្ឋតែម្ដងថា រដ្ឋគ្មានគោលនយោបាយ ធ្វើបាបប្រជាជន ឬមួយទៅដណ្ដើមដីប្រជាជននោះទេ មានតែចែកជូន តែសូមធ្វើតាមនិតិវិធីស្រួលបួល»៕