(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរ លើកទី១) ដើម្បីជ្រើសសម្រាំងបេក្ខជន។
ការអញ្ជើញពិនិត្យផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ ពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ផងដែរ។
ក្នុងឱកាសនោះ លោកឧបនាយកររដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមកែរនូវកំណែវិញ្ញាសារនេះ និងបានអរគុណចំពោះក្រុមការងារ រួមទាំងអ្នកពាក់ព័ន្ធទាំងអស់។
បេក្ខជនសិស្សមន្ត្រីជាន់ខ្ពស់ ១៥៤នាក់ និងបេក្ខជនសិស្សមន្ត្រីក្រមការ ៥៨៣នាក់ បានប្រឡងជាប់លើវិញ្ញាសាសរសេរ លើកទី១ ហើយអ្នកដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១នេះ ទាំងសិស្សមន្ត្រីជាន់ខ្ពស់ ក៏ដូចជាសិស្សមន្ត្រីក្រមការ ត្រូវត្រៀមខ្លួនប្រឡងលើវិញ្ញាសាសរសេរ លើកទី២ ដែលក្រសួងមុខងារសាធារណៈ នឹងជូនដំណឹងពីកាលបរិច្ឆេទ។
ក្រោយប្រឡងជាប់លើវិញ្ញាសាសរសេរទាំងពីរដំណាក់កាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ គឺត្រូវឆ្លងកាត់ការសម្ភាសបន្ថែម រីឯសិស្សមន្ត្រីក្រមការ មិនមានការឆ្លងកាត់ការសម្ភាសនោះទេ។
សូមបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយមានបេក្ខជនបេក្ខជនជាង ១មុឺននាក់ បានចូលរួមក្នុងការប្រឡើងប្រជែងនេះ៕