(កំពង់ចាម)៖ លោក អូត ឈាងលី ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបាធាយ ជំនួសលោក ផេន សុផល ទទួលភារកិច្ចថ្មី។
ពិធីនេះក៏បានប្រកាសចាត់តាំងបន្ថែម ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយផងដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនស្រុកបាធាយ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងលោក ខ្លូត ផន អនុប្រធានគណៈកម្មការបក្សខេត្ត និងលោក កឹង ឃន អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាធាយ។
បន្ទាប់ពីលោក អូត ឈាងលី ប្រធានគណបក្សស្រុកថ្មី ឡើងប្តេជ្ញាចិត្ត, លោក អ៊ុន ចាន់ដា បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិកាមូលដ្ឋានយកទៅអនុវត្តដូចខាងក្រោមនេះ៖
*ទី១៖ បន្តពង្រឹងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលមានស្រាប់ ត្រូវអនុវត្តគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។
*ទី២៖ បន្តរួមគ្នាពង្រឹងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់លទ្ធភាព។
*ទី៣៖ បន្តជំរុញការអភិវឌ្ឍហេដ្ឋារេចនាសម្ព័ន ក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយគុណភាព។
*ទី៤៖ ការរក្សាឲ្យបាននូវសាមគ្គីភាព ផ្ទៃក្នុង និងសាមគ្គីភាពជាមួយក្រុមការងារចុះជួយមូលដ្ឋាន ឲ្យបានល្អប្រសើរ ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងការបំពេញការងារ។
*ទី៥៖ ពង្រឹងនូវការងារ ថែរក្សាសមាជិក សមាជិការបស់ខ្លួន ដោយត្រូវប្រជុំជីវភាពបក្ស ឲ្យបានជាប្រាំ និងការងារ រៀបចំសមាជិកថ្មីបន្ថែមផងដែរ៕