(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី «នីតិវិធីនៃការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម» នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោក ឆាយ សុផាន់ណា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប ដោយមានការចូលរួមពីសំណាក់ មន្រ្តីរាជការនៃ គ.ជ.ប ប្រតិភូមកពីអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាគ្រូឧទ្ទេស។
លោក ឆាយ សុផាន់ណា បានថ្លែងថា សិក្ខាសាលាស្តីពី នីតិវិធីនៃការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម ដ៏មានសារៈសំខាន់ និងជាផែនទីចង្អុលផ្លូវនៃការកែទម្រង់ប្រព័ន្ធថវិការបស់កម្ពុជា ឈានឆ្ពោះទៅការបង្កើនគណនេយ្យភាព សមិទ្ធកម្ម។
សិក្ខាសាលានេះ ក៏បានផ្តល់ជាដើមទុនផ្នែកបច្ចេកទេសក្នុងការរៀបចំនីតិវិធីនៃការតាមដាន និងការវាយតម្លៃថវិកាសមិទ្ធកម្មនាឆ្នាំខាងមុខ ឱ្យកាន់តែច្បាស់លាស់អំពីសូចនាករសមិទ្ធកម្ម នៅតាមកម្រិតរចនាសម្ព័ន្ធកម្មវិធី ទាំងការកំណត់សូចនាករ លទ្ធផលក្នុងឆ្នាំ និងទាំងសូចនាករចុងក្រោយដែលស្ថាប័ន គ.ជ.ប គ្រោងនឹងសម្រេច។
ក្នុងន័យនេះ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃនឹងផ្តល់ជាយន្តការចាំបាច់ក្នុងការជំរុញការអនុវត្តថវិកាសមិទ្ធកម្មតាមរយៈការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលប្រកបដោយ ប្រសិទ្ធភាព។
លោកបានបន្តថា ឆ្លងកាត់តាមការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមផ្សំជាមួយនឹងការខិតខំយកចិត្តទុកដាក់ពីសិក្ខាកាមទាំងមូល ក្នុងរយៈពេលមួយថ្ងៃពេញនេះ សង្ឃឹមថាអស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តថវិកាសមិទ្ធកម្មសម្រាប់ឆ្នាំខាងមុខ ទទួលបាននូវឧបករណ៍ជាគន្លឹះចាំបាច់ និងមានតម្លៃមួយនៅក្នុងដៃ សម្រាប់ជាប្រយោជន៍ដល់ការរៀបចំថវិកា និងការគ្រប់គ្រងថវិកា ព្រមទាំងពង្រឹងការទទួលខុសត្រូវកាន់តែច្បាស់លាស់ លើប្រតិបត្តិការអនុវត្តចំណាយ សំដៅឈានទៅសម្រេចលទ្ធផលការងារ ជាពិសេសគោលបំណងគោលនយោបាយរបស់ស្ថាប័ន គ.ជ.ប។
ជាមួយគ្នានេះលោក ឆាយ សុផាន់ណា សូមគូសបញ្ជាក់បន្ថែមថា ក្នុងការអនុវត្តកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពីដំណាក់កាលទី១ រហូតមកដល់ដំណាក់កាលទី៤នេះ តែងតែជួបប្រទះនឹងឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនចៀសមិនរួច។
ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏ធ្លាប់មានបទពិសោធន៍ ឆ្លងកាត់ដោយជោគជ័យរួចហើយ។ លោកបានណែនាំមន្ត្រីជំនាញ ដែលទើបបានទទួលនូវចំណេះដឹងតាមរយៈសេចក្តីពន្យល់ណែនាំ និងការធ្វើបទបង្ហាញពីគ្រូឧទ្ទេស ក្នុងរយៈពេលមួយថ្ងៃនេះសូមយកស្មារតីក្នុងភាពជាម្ចាស់ ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការថវិកាសមិទ្ធកម្ម ការតាមដាន ការវាយតម្លៃ និងការរៀបចំរបាយការណ៍សមិទ្ធកម្ម ឱ្យទទួលបាននូវលទ្ធផល ចុងក្រោយប្រកបដោយសុក្រឹតភាព និងគណនេយ្យភាពតាមការរំពឹងទុក ពីព្រោះថវិកាសមិទ្ធកម្មនេះតម្រូវឱ្យមានការវាស់វែង ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយឱ្យបានច្បាស់លាស់។
បើតាមលោក យឿង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ក៏នឹងជួយផ្តល់ចំណេះដឹងអំពីដំណើរការរៀបចំផែនការថវិកាសមិទ្ធកម្មចាប់ពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលបញ្ចប់ ដែលរួមពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម ការរៀបចំថវិកាប្រចាំឆ្នាំ ការកំណត់សូចនាករ ការរៀបចំអង្គភាពថវិកា ការរៀបចំកម្មវិធីចំណូល-ចំណាយ ការរៀបចំរបាយការណ៍ចំណូល-ចំណាយ របាយការសមិទ្ធកម្ម និងគោលដៅអាទិភាព គឺដើម្បីបង្កើនគុណភាពនៃការវិភាគថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។
លោកបានបន្តថា បច្ចុប្បន្ន គ.ជ.ប ក៏ដូចក្រសួង-ស្ថាប័នរបស់រដ្ឋដទៃទៀតដែរ ទោះបីជាមានភាពមមាញឹកខ្លាំងក្នុងការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតយ៉ាងណាក្តី ក៏ផ្នែករៀបចំថវិកាមានគោលដៅយុទ្ធសាស្ត្រដែលត្រូវយកចិត្តទុកដាក់បំផុតក្នុងការរៀបចំថវិកា និងវិភាជថវិកាឱ្យចំទិសដៅ គោលបំណងដោយត្រូវប្រតិបត្តិតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងឱ្យស្របទៅតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផ្តោតលើសមិទ្ធកម្ម។
នៅឆ្នាំខាងមុខ គ.ជ.ប នឹងចាប់ផ្តើមអនុវត្តពេញលេញនៅផែនការសមិទ្ធកម្ម ហេតុនេះហើយ ដើម្បីជំនះការលំបាក និងភាពស្មុគស្មាញក្នុងការរៀបចំថវិកា ជាពិសេសថវិកាផ្តោតលើសមិទ្ធកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស័ក្តិសិទ្ធិភាព គ.ជ.ប ក្នុងគោលបំណង បើកអង្គសិក្ខាសាលាថ្ងៃនេះ គឺដើម្បីណែនាំដល់មន្ត្រីគ.ជ.ប ពិសេសមន្ត្រីទទួលបន្ទុក ត្រូវយកចិត្តទុកដាក់ពង្រឹងការរៀបចំថវិកា ការតាមដាន និងការវាយតម្លៃថវិកាសមិទ្ធកម្មឱ្យបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានគតិយុត្ត ដោយធានាឱ្យបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព៕