(អូស្រ្តាលី)៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Tim Ayres រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មអូស្ត្រាលី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងអាស៊ាន-អូស្ត្រាលីបន្ថែមទៀត ដោយជំរុញភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនទំនុកចិត្តធុរកិច្ច នៅទូទាំងតំបន់ជាដើម។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Richard Marles ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ និងទទួលស្គាល់ ពីការចូលរួមចំណែកដ៏គួរឱ្យកត់សម្គាល់របស់អូស្ត្រាលី នៅក្នុងយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ជាដើម។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយលោក Jason Clare រដ្ឋមន្ត្រីអប់រំអូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និងអូស្ត្រាលី ក្នុងការពង្រឹងភាពជាដៃគូ ជាពិសេស ផ្តោតលើការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងជំរុញកម្មវិធីសហការដែលមានជាយូរមកហើយ។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួមក្រុមបញ្ញវន្ត នៃកម្មវិធីស្រាវជ្រាវសន្តិសុខលំហសមុទ្រអាស៊ាន-អូស្ត្រាលី ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យក្រុមបញ្ញវន្តប្រើប្រាស់ឱកាស ដែលមានក្នុងពេលសិក្សា ហើយសង្ឃឹមថា នៅពេលបញ្ចប់ការសិក្សា ក្រុមនិស្សិតទាំងនោះ នឹងដើរតួនាទីដើម្បីចូលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិអាស៊ានដែលកាន់តែមានលក្ខណៈទូលំទូលាយ។

នៅរសៀលថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងកង់បេរ៉ា។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណគណៈកម្មាធិការ ដែលបានដើរតួនាទី ក្នុងការចូលរួមចំណែកដល់ការលើកមុខមាត់ និងភាពមើលឃើញឱ្យកាន់តែច្បាស់របស់អាស៊ាន នៅក្នុងប្រទេសអូស្ត្រាលី ព្រមទាំងពង្រឹងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ លោកក៏បានលើកទឹកចិត្តឱ្យ គណៈកម្មាធិការបន្តដើរ តួនាទីសកម្ម ជាពិសេសស្របពេលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Sam Mostyn AC អគ្គទេសាភិបាលអូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសក្រោយពីជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៊ែលបិន។

អគ្គលេខាធិការអាស៊ាន ក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់អូស្ត្រាលី សម្រាប់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ានផងដែរ។ នៅក្នុងឱកាសនោះដែរ អគ្គលេខាធិការអាស៊ាន ក៏បានទស្សនកិច្ចនៅវិមានរដ្ឋាភិបាលរបស់អូស្ត្រាលីផងដែរ។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារក្នុងប្រទេសអូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ ទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងរិះរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ជាពិសេសក្រោយពីជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្ត្រាលីដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៊ែលបិន កាលពីខែមីនា កន្លងទៅ។

នៅរសៀលថ្ងៃពុធដដែល អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាអបអរសាទរ ក្នុងពិធីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានស្វាគមន៍ការ បង្កើតមជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី ដែលជាលទ្ធផលគន្លឹះមួយ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៊ែលបិន កាលពីខែមីនា កន្លងទៅ។

អគ្គលេខាធិការអាស៊ាន ក៏បានបង្ហាញក្តីសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងចូលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី តាមរយៈការពង្រឹងទំនាក់ទំនងធុរកិច្ច ការអប់រំ វប្បធម៌ និងការតភ្ជាប់សហគមន៍រវាងអាស៊ាន និងអូស្ត្រាលី។

នៅរសៀលថ្ងៃព្រហស្បតិ៍ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមពិភាក្សាតុមូល រៀបចំដោយលោក Nicholas Moore ប្រេសិតពិសេសអូស្ត្រាលី ទទួលបន្ទុកអាស៊ីអាគ្នេយ៍។ នៅក្នុងឱកាសនោះ កិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងអន្តរប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព កិច្ចសហការយូរអង្វែង ដើម្បីជួយគាំទ្រដល់ការអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ២០៤០ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក្នុងវិស័យវិនិយោគ និងទេសចរណ៍រវាងអូស្ត្រាលី និងអាស៊ីអាគ្នេយ៍។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Anoulack Chanthivong រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មរដ្ឋញូវសាវវ៉េលស៍របស់អូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីគំនិតផ្តួចផ្តើមរួមនានា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លារវាងអាស៊ាន និងរដ្ឋញូវសាវវ៉េលស៍ ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហការដែលអាចគាំទ្រដល់កំណើន ពាណិជ្ជកម្ម និងការវិនិយោគតំបន់។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយសហគមន៍ក្រុមហ៊ុនទើបបង្កើតថ្មីៗរបស់អូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សារិះរកវិធីដើម្បីជំរុញការតភ្ជាប់រវាងសហគមន៍ក្រុមហ៊ុនទើបបង្កើតថ្មីៗ និងកិច្ចសហការដែលអាចធ្វើទៅបាន ដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីក្រុមហ៊ុនទើបបង្កើតថ្មីៗដ៏រស់រវើករវាងអាស៊ាន និងអូស្ត្រាលី។

អគ្គលេខាធិការអាស៊ាន បានជួបជាមួយពិភាក្សាការងារជាមួយ លោក Francis Wong ប្រធានវេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ាន ដើម្បីពិភាក្សាកំណត់ទិសដៅសម្រាប់អនាគតកាន់តែខ្លាំងក្លា និងកាន់តែមានចីរភាពសម្រាប់ តំបន់ទាំងពីរ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរិះរកកាលានុវត្តភាព ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដោយផ្តោតលើការជំរុញកំណើនទៅវិញទៅមក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ជំនួបនេះ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបើកឱកាសថ្មីៗ និងធានាបាននូវវិបុលភាពយូរអង្វែងសម្រាប់តំបន់ទាំងពីរ។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបជាមួយជ័យលាភីអាហារូបករណ៍អូស្ត្រាលីសម្រាប់អាស៊ាន (Aus4ASEAN) ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីកិច្ចខិតខំ ប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក៏ដូចជា ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងភាពជាដៃគូអាស៊ាន-អូស្ត្រាលី។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ បន្តចូលរួមចំណែកដល់ការជំរុញ ការកសាងសហគមន៍អាស៊ានផងដែរ។

នៅព្រឹកថ្ងៃសុក្រ អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិភាក្សាតុមូល នៅវិទ្យាស្ថានសិក្សាវិភាគស្រាវជ្រាវ Lowy។ កិច្ចពិភាក្សាបានផ្តោលើគោលនយោបាយការបរទេសរបស់អូស្ត្រាលី ភូមិសាស្ត្រនយោបាយរបស់ អាស៊ីអាគ្នេយ៍ និងការប្រកួតប្រជែងភូមិសាស្ត្រយុទ្ធសាស្ត្រជាដើម។ អគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីតួនាទីរបស់ចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ដែលជាក្របខណ្ឌសម្រាប់ឱ្យអាស៊ាន ទំនាក់ទំនងជាមួយដៃគូ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ជាដើម។

នៅព្រឹកថ្ងៃសុក្រ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Chris Minns នាយករដ្ឋមន្ត្រីនៃរដ្ឋញូវសាវវ៉េលរបស់អូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញវិធីដើម្បីបង្កើនពាណិជ្ជកម្ម និងការវនិយោគ ក៏ដូចជា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងអាស៊ាន និងរដ្ឋញូវសាវវ៉េល ជាពិសេស ពាក់ព័ន្ធនឹង នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរថាមពល។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងអូស្ត្រាលីផងដែរ៕