(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការនិង ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា មេរោគអេដស៍ និងជំងឺអេដស៍មិនទាន់ឃ្លាតទៅឆ្ងាយពីយើងនៅឡើយទេ ប្រសិនបើយើងភ្លេចខ្លួន ឬ ព្រងើយកន្តើយ ផលវិបាកនឹងធ្លាក់មកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ជាក់ជា មិខានឡើយ។
ការលើកឡើងបែបនេះរបស់ លោក សុក ផេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកម្មវិធីសិក្ខាសាលាស្តីពី ការបញ្ជាបចំណេះដឹង អំពីមេរោគអេដស៍ ជំងឺអេដស៍ ហានិភ័យនៃការឆ្លងមេរោគអេដស៍ និងវិធីបង្ការការពារមេរោគអេដស៍ជូនដល់ មន្ត្រីរាជការក្រោមឱវាទ ទីស្តីការគណៈរដ្ឋមន្ត្រី។ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការ គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី លោកវេជ្ជបណ្ឌិត ឡាន វណ្ណសេង អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងថ្នាក់ដឹងនាំតំណាងក្រសួងស្ថាប័ន និងមន្រ្ដីរាជការជាច្រើនរូប។
សិក្ខាសាលានាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរួមគ្នាធ្វើឱ្យសង្គមកម្ពុជាមួយ គ្មានជំងឺអេដស៍នា ពេលខាងមុខឆាប់ៗនេះ។
ក្នុងឱកាសនោះដែរ លោក សុក ផេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មេរោគអេដស៍ និងជំងឺអេដស៍មិនទាន់ឃ្លាតទៅឆ្ងាយពីយើងនៅឡើយទេ ប្រសិនបើយើងភ្លេចខ្លួន ឬ ព្រងើយកន្តើយ ផលវិបាកនឹងធ្លាក់មកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង ជាក់ជា មិខានឡើយ។ ទោះបី ជំងឺនេះមានឱសថព្យាបាលបានក្តី តែការព្យាបាលនេះបានត្រឹមតែធ្វើឱ្យមានសុខភាពល្អ និងកាត់បន្ថយការចម្លងទៅអ្នកដទៃតែប៉ុណ្ណោះ គឺមិនជាដាច់ស្រឡះ ហើយអ្នកឆ្លងមេរោគអេដស៍ត្រូវទទួលការ ព្យាបាលនិងថែទាំអស់មួយជីវិត។ អ្វីដែលជាព្រួយបាម្ភខ្លាំងនោះ គឺអ្នកឆ្លងតែមិនបានដឹងខ្លួន និងមិនបាន ព្យាបាល ហើយតាមរបាយការណ៍ក្នុងជួយមន្ត្រីរាជការដែលអង្គការដៃគូមិនអាចអប់រំនិងផ្សព្វផ្សាយបាន។ ហេតុដូច្នេះ ទើបយើងរៀបចំជម្រុញការ ផ្សព្វផ្សាយអប់រំអំពី ជម្ងឺអេសដស៍នាពេលនេះ។ ដូច្នេះ ខ្ញុំសូមអង្គសិក្ខាសាលា របស់យើងនាពេលនេះ យកចិត្តទុកដាក់ស្ដាប់គ្រូបង្គោល ដែលនឹងធ្វើការពន្យល់ នាពេលបន្តិចទៀតនេះ។
លោករដ្ឋលេខាធិការ បានបន្ដថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ជាយន្តការមួយរបស់ទីស្តីការគណរដ្ឋមន្ត្រី ក្នុងការសម្របសម្រួល លើការចូលរួមអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ទាំងនៅក្នុងនិងក្រៅទីស្តីការណៈរដ្ឋមន្ត្រី ជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់ពីមានប្រកាសលេខ១០៨ ប្រក.សស គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចាប់ផ្តើមការងារជាដំបូងរបស់ខ្លួន គឺការរៀបចំសិក្ខាសាលានាពេលនេះ។
ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានបន្ថែមថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់អេដស៍ ដែលជាគ្រោះគំរាមកំហែងដល់សុខភាពសាធារណៈ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្តបន្ទាប់ ជាពិសេស កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នាកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាឯកច្ឆន្ទ ដោយដាក់ចេញឱ្យអនុវត្ត «គោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨-។ នេះ សបញ្ជាក់នូវការប្តេជ្ញាផ្នែកគោល នយោបាយយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តបេសកកម្មដ៏ថ្លៃថ្លាពីនីតិកាល មុនៗ ក្រោមការដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រី ក្នុងការបន្តអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានបន្ថែមទៀតថា គោលនយោបាយជាតិនេះ មានចក្ខុវិស័យវែងឆ្ងាយសំដៅសម្រេចបាន កម្ពុជាជាប្រទេសមួយ ដែលគ្មាន ការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ ព្រមទាំងធានាថា ប្រជាជនកម្ពុជាមានសុខភាពល្អនិងរស់នៅ ប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាច ដោយសារជំងឺអេដស៍។គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ជាឧបករណ៍ ដ៏មុតស្រួច ក្នុងការជំរុញការចូលរួម ការងារឆ្លើយតបមេរោគនិងជំងឺអេដស៍ ជាលក្ខណៈពហុវិស័យទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ។
ជាថ្មីម្ដងទៀត លោកបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ថា ដើម្បីរួមគ្នាបញ្ចប់អេដស៍ នៅក្នុងសង្គមកម្ពុជា រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់អំពី ចីរភាព នៃកម្មវិធីអេដស៍ ដើម្បីធានាថា ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ការរីករាលដាលនៃមេរោគអេដស៍នឹងមិនផ្ទុះឡើងវិញ ដែល អាចគំរាមកំហែង សារជាថ្មីដល់សុខភាពសាធារណៈ។ ជាក់ស្តែង កន្លងមក រាជរដ្ឋាភិបាល គាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងគាំទ្រដល់ ក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ ក្នុងការផ្តល់លទ្ធភាពឱ្យក្រសួង ស្ថាប័នទាំងនោះ អាចទាញយកថវិកាជាតិ ឬ ថវិកាដៃគូ ទៅអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ប្រយុទ្ធនឹងជំងឺអេដស៍៕