(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងជូនមន្ត្រីនៅមន្ទីរសុខាភិបាល ដោយមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាព ជំនាញជុំវិញខេត្តផងដែរ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ដ។

យោងតាមដីការរបស់រដ្ឋបាលខេត្តប៉ៃលិន អានដោយលោក ញ៉ូវ គង្គារ នាយកទីចាត់ការធនធានមនុស្ស នៃរដ្ឋបាលខេត្ត លេខ ០២៧/២៤ ដក.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ បានសម្រេចផ្ទេរភារកិច្ច៖

*ទី១៖ លោកវេជ្ជបណ្ឌិត កឹម សំណាង ត្រូវបានផ្ទេរភារកិច្ចពីប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឱ្យមកកាន់មុខតំណែងជាប្រធានការិយាល័យនិយ័តកម្មសុខាភិបាល
*ទី២៖ លោកវេជ្ជបណ្ឌិត លី មករា ឱ្យកាន់មុខតំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
*ទី៣៖ លោក ង៉ុច សេងធួន បញ្ចប់ភារកិច្ចពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែក
*ទី៤៖ លោកស្រី ហ៊ឹម សានិត ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត។

បន្ទាប់ពីមន្ត្រីរាជការដែលទើបទទួលមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តរួចមក, លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំងអស់ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំរើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ។

លោកស្រីបានជំរុញមន្ត្រីរាជការមន្ទីរសុខាភិបាល ទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋឱ្យ បានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ចំណេះជំនាញគ្រូពេទ្យខ្មែរយើង មានការរីកចម្រើនខ្លាំង មិនចាញ់គ្រូពេទ្យនៅបរទេសឡើយ ហើយធនធានមនុស្សក៏មានកាន់តែច្រើនឡើង និងមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ/សង្កាត់ ក៏មានច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋយើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវ:របស់ខ្លួន ឲ្យបានសមរម្យ រួសរាយរាក់ទាក់ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់៕