(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, រដ្ឋបាលខេត្តព្រះវិហារ នឹងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្នៅទូទាំងខេត្តឱ្យហើយ នៅចុងឆ្នាំ២០២៥ខាងមុខនេះ។
ការថ្លែងប្តេជ្ញាចិត្តយ៉ាងមុតមាំបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលអញ្ជើញចូលរួមប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក គីម រិទ្ធី បានថ្លែងថា ការអនុវត្តការចុះបញ្ជីដីធ្លីពិតណាស់គឺមានការស្មុគ្រស្មាញ ដោយសារទី១គឺដីនៅក្នុងដែន និងទី២ ដីនៅក្រៅដែន ហើយដីនៅក្រៅដែនគឺមានការងាយស្រួលក្នុងការចុះបញ្ជី ហើយក៏នៅមានបញ្ហា រំលោភដីធ្លី និងបញ្ហារំលោភព្រំដីផងដែរ។
អភិបាលខេត្តព្រះវិហារ បានណែនាំអភិបាលក្រុងស្រុកទាំង៨ សូមបន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធីឱ្យអស់ពីលទ្ធភាពមុននឹងបញ្ជូនមកខេត្ត ពោលគឺការដោះស្រាយខ្លះមានលក្ខណៈលំៗ។ លោកថា ការដោះស្រាយវិវាទដីធ្លី នៅថ្នាក់ស្រុក សូមយកមន្ត្រីបច្ចេកទេសភូមិបាលស្រុកដែលមានស្រាប់នៅទីនោះ ព្រោះមានឧបករណ៍គ្រប់គ្រាន់ ដោយយើងឡើងផែនទីគ្រប់ភាគីទំនាស់ទាំងអស់ ហើយដោះស្រាយតាមលក្ខណៈបច្ចេកទេស នេះសម្រាប់ដីនៅក្រៅដែន។
ដោយឡែកចំពោះដីនៅក្នុងដែនជម្រកវិញគឺមានភូមិចំនួន៣៣ ដោយមិនគិតពីភូមិរណប ដែលរដ្ឋបាលស្រុក រដ្ឋបាលខេត្ត ពិតជាមានបញ្ហាប្រឈមនិងត្រូវស្នើសុំឆ្វៀលចេញ ហើយកន្លងមកក្រសួងបរិស្ថានក៏បានចុះធ្វើបែបបទភូមិ នៅក្នុងដែនដែរ។
ដូច្នេះដើម្បីចុះបញ្ជីដីឱ្យបានចប់មុនបំណាច់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលក្រុង ស្រុក ដឹកនាំក្រុមការងារបំពេញនិតិវិធីឱ្យបានចប់ ដើម្បីក្រុមការងារបច្ចេកទេសរបស់យើងធ្វើការអនុវត្ត ហើយមន្ទីរដែនដីខេត្តត្រូវខិតខំចុះបញ្ជីដី នៅឆ្នាំ២០២៥ ហើយដាក់កម្មវិធីមួយអាទិត្យម្តងដើម្បីឱ្យខេត្តចុះចែកបណ្ណដីជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យហើយមុនបំណាច់ឆ្នាំ២០២៥៕