(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌទាំងអស់ ដែលទទួលបានប័ណ្ណមូលនិធិសមធម៌ នាពេលកន្លងមក ពិសេសប្រធានភូមិ អនុប្រធាន និងសមាជិកភូមិ ដែលទើបទទួលបានប័ណ្ណត្រូវប្រើប្រាស់ប័ណ្ណ សមធម៌នេះ ពិនិត្យ សុខភាពគ្រប់ពេលវេលា ក្នុងការមកទទួលសេវាពិនិត្យ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងនៅតាមមន្ទីរពេទ្យរដ្ឋនានា។
លោក ថេង សុថុល បានលើកឡើងទៀតថា ចាប់ពីពេលនេះទៅ សូមបងប្អូនកុំគិត និងបញ្ឈប់ការព្រួយបារម្ភ ពីការគ្មានប្រាក់សំរាប់ជាសារគុណជូនទៅគ្រូពេទ្យ នៅពេលដែលយើងទៅពិនិត្យ និងព្យាបាលជំងឺ និងត្រូវបញ្ឍប់ពីទម្លាប់ជូនសោហ៊ុយជាសារគុណដល់គ្រូពេទ្យ ក្នុងគ្រាដែលយើងកំពុងខ្វះខាត ក្រលំបាកផងនោះ ពីព្រោះបញ្ហានេះ នៅពេលដែលបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺនៅកន្លែងណាមួយ គឺមានមន្រ្តី ដែលទទួលការងារនេះ អង្គុយចាំគិតលុយ ឲ្យពេទ្យជំនួសយើងរួចហើយ។
លោក ថេង សុថុល បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ និងគណៈភូមិ ចំនួន ២៦០ប័ណ្ណ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលាខណ្ឌ ដោយមានការចូលរួមពីក្រុមប្រឹក្សា សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិផងដែរ។
លោក ថេង សុថុល បានលើកឡើងថា ការចែកបណ្ណ ប.ស.ស នាពេលនេះ គឺសបញ្ជាក់ពីការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខុមាលភាពបងប្អូន គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋទាំងអស់ មានសិទ្ឋិទទួលបានការគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ពិសេសផ្តល់អត្ថប្រយោជន៍ជា ប្រាក់ឧបត្ថម្ភបន្ថែម ពេលសម្រាលកូន ជូនដល់កម្មករ និយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ឋ។ លោកបន្តថា ដើម្បីទទួលបានការថែទាំសុខភាព តាមប្រព័ន្ឋមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករ និយោជិតក្រៅប្រពន្ឋ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រី នៅពេលសម្រាលកូន នៅក្នុងនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចឲ្យក្រុមប្រឹក្សាសង្កាត់ និងគណៈភូមិ បានចុះបញ្ជីចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាលផងដែរ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ក្នុងចំណោមស្រុក/ខណ្ឌ ទូទាំងរាជធានី-ខេត្ត ប្រធានភូមិ អនុប្រធាន និងសមាជិកភូមិទាំងអស់ ត្រូវបានចុះបញ្ជីជាបន្តបន្ទាប់។ ដោយឡែក សម្រាប់ខណ្ឌ៧មករា ដែលយើងបានប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ និងគណៈភូមិ សរុបប្រមាណ ២៦០នាក់ ស្រី ១២៨នាក់។
ក្នុងឱកាសនេះ លោក ថេង សុថុល បានបង្ហាញពីសារៈសំខាន់ និងអត្ថប្រយោជន៍ខ្លះៗនៃប័ណ្ណ ប.ស.ស អាចប្រើប្រាស់សម្រាប់ការពិនិត្យ ការព្យាបាលជំងឺ និងថែទាំសុខភាព ហានិភ័យការងារ (គ្រោះថ្នាក់ការងារ) សោធននិវត្តន៍។
សម្រាប់មន្ត្រីរាជការសាធារណៈ អាចនាំសហព័ទ្ធ ប្រពន្ធ កូន (អាយុ ក្រោម១៨ឆ្នាំ) ទៅចុះបញ្ជីជាសមាជិកបសស និងទទួលបានអត្ថប្រយោជន៍ ដូចជាហានិភ័យការងារ (គ្រោះថ្នាក់ការងារ) ថែទាំ ពិនិត្យ និងព្យាបាលជំងឺ ហើយដែលបង់វិភាគទានដោយរដ្ឋាភិបាល បើគាត់ជាស្ត្រី ទទួលថែមនូវ ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន៤ដង ម្តងទទួលថវិកា ៨០,០០០រៀល និងក្រោយសម្រាលទៅពិនិត្យចំនួន ១០ដង ម្តង ៨០,០០០ រៀល (ពេលសម្រាលពុំទទួលបានឡើយ)។ សមាជិក ក្រុមប្រឹក្សាសង្កាត់ និងភូមិ ក៏ទទួលបានអត្ថប្រយោជន៍ ដូចនឹងមន្ត្រីរាជការដែរ ប៉ុន្តែមិនអាចយកសហព័ទ្ធទៅចុះបញ្ជីសមាជិក ប.ស.ស បានទេ សូមបញ្ជាក់ (ទទួលបានការថែទាំ ពិនិត្យ ព្យាបាល ហានិភ័យការងារ និងសម្រាប់ស្ត្រីមានផ្ទៃពោះ ក៏ទទួលបានដូចមន្ត្រីរាជការដែរ ដែលបង់វិភាគទានដោយរដ្ឋាភិបាល) បើជាសមាជិក៕