(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គ នៅប្រទេសវៀតណាម ធ្វើឡើងតបតាមការយាងរបស់លោក លឿង គឿង ប្រធានាធិបតីវៀតណាម។
ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែងរវាងប្រទេសទាំងពីរ។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ៕