(ព្រះវិហារ)៖ មន្ទីរកិច្ចការនារីខេត្តព្រះវិហារ សហការជាមួយអង្គការ UNFPA និងអង្គការអាដ្រា រៀបចំយុទ្ធនាការ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឆ្នាំ ២០២៤ ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក» ក្រោមវត្តមាន លោកស្រី ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរស្រុកសង្គមថ្មី លោកស្រីអនុប្រធានមន្ទីកិច្ចការនារីខេត្ត អជ្ញាធរមូលដ្ឋានភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដែលពិធីនេះបានប្រព្រឹត្តទៅ នៅបរិវេណវិទ្យាល័យសង្គមថ្មី ស្ថិតក្នុង ឃុំចំរើន ស្រុកសង្គមថ្មី នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុកសង្គមថ្មី បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាសកម្មភាព និងជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមានឡើងក្នុងស្ថានភាពជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់ សាធារណៈជន និងសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទៅលើស្ត្រី និងក្មេងស្រី។

យោងតាមប្រវត្តិយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលអានដោយ លោកស្រី ផន កែវផុន អនុប្រធានមន្ទីកិច្ចការនារីខេត្តព្រះវិហារ ថា៖យុទ្ធនាការនេះចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយ ក្រុមបុរសជនជាតិកាណាដា មួយក្រុម។ក្រោយមកយុទ្ធនាការ នេះត្រូវបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោក រហូតបានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ កំណត់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាស ទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់ អំពើហិង្សាលើស្ត្រីតាមរយៈមហាសន្និបាតលើកទី៨៣ របស់អង្គការ សហប្រជាជាតិ។

លោកស្រី ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា៖យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន, លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និង អ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ, កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។

លោកស្រីបានថ្លែងបន្តថា ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំយុទ្ធនាការ១៦ ថ្ងៃឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅ នឹងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលបានបញ្ជាក់អំពីការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាបន្ន និងសមធម៌ ដល់ ស្រ្តី និងក្មេងស្រី ដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម៕