(ព្រះសីហនុ)៖ ក្នុងថ្ងៃដំបូងនៃការការប្រណាំងរថយន្ត off-Road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ពិតជាធ្វើឱ្យកីឡាករជាតិនិងអន្តរជាតិគ្រប់គ្នាតានតឹងយ៉ាងខ្លាំង ខណៈរថយន្តរបស់ពួកគាត់ម្នាក់ៗ ខ្លះហោះលោតផុតដី ខ្លះដួលបះកង់សឹងតែផ្ងាពោះ ខ្លះបះផ្ងាកង់ បោលបោកនឹងភ្នំ ឈ្មុលថ្ម មុជក្បាលនឹងដី ខៃដីហុយទ្រលោម ខ្លះដាច់ក្រឡេ បែកធុងទឹក ហៀរប្រេងម៉ាស៉ីន ខ្លះទៀតខូតខាតផ្នែកខ្លះនៃគ្រឿងម៉ាស៉ីនជាដើម សុទ្ធតែបង្ហាញពីភាពពពុះពរស្វិតស្វាញក្នុងការប្រណាំងរថយន្ត off-Road នេះ។
គួរជម្រាបថា កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រណាំងយានយន្តធំមួយក្បែរឆ្នេរអូរត្រេះ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៥១គ្រឿងហើយ។
ក្នុងការប្រណាំងរថយន្តអន្តរជាតិនេះ គឺមានការបែងចែកជា៣ប្រភេទ៖
១-Class A (Hard core) ដែលជាប្រភេទជួបនិងឆ្លងកាត់ឧបសគ្គខ្លាំងបំផុត
២-Class B (Light core) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គខ្លះៗ
៣-Class C (Overland) ដែលជាប្រភេទឆ្លងកាត់ឧបសគ្គមិនសូវលំបាក។
ក្នុងថ្ងៃទី១ ដែលជាថ្ងៃចាប់ផ្ដើម៖
Class A (Hard core) ត្រូវប្រណាំងចំនួន៤ផ្លូវ ឬ 4 SS។
Class B (Light core) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS។
Class C (Overland) ត្រូវប្រណាំងចំនួ២ផ្លូវ ឬ 2 SS។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងថ្ងៃដំបូងនេះ កុ្រមរថយន្តនៅក្នុង Class A (Hard core) បានជួបឧបសគ្គដ៏មហាលំបាកៗ ដែលធ្វើឱ្យរថយន្តប្រណាំងទាំងឡាយ ខ្លះដួលបះផ្ងាកង់ បោលបោកនឹងភ្នំ ឈ្មុលថ្ម មុជក្បាលនឹងដី ខៃដីហុយទ្រលោម ខ្លះដាច់ក្រឡេ បែកធុងទឹក ហៀរប្រេងម៉ាស៉ីន ខ្លះទៀតខូតខាតផ្នែកខ្លះនៃគ្រឿងម៉ាស៉ីនជាដើម សុទ្ធតែបង្ហាញពីភាពពពុះពរស្វិតស្វាញក្នុងការប្រណាំងរថយន្ត off-Road នេះ៕