(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំទី១ នៅស្រុកភ្នំក្រវាញ ដើម្បីស្វែងរកបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ធ្វើការដោះស្រាយ និងបំភ្លឺ ជូនប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ បានចំនួន១៣ករណី។
វេទិកានេះ ត្រូវបានបិទបញ្ចប់ត្រឹមបរិវេណសាលាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ផ្នែកឯកជនដែលពាក់ព័ន្ធ មន្រ្តីថ្នាក់មូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ សរុបចំនួន១៧៦នាក់។
ថ្លែងក្នុងឱកាសបើកអង្គវេទិកា លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា នេះគឺជាយន្តការមួយ នៃកំណែទម្រង់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួម ទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ឃុំ ស្រុក ដោយបានផ្តោតទៅលើបញ្ហា វិវាទដីធ្លី ប្រព័ន្ធធារាសាស្ត្រ បញ្ហាអាជ្ញាធរមូលដ្ឋាន...។ល។ វេទិកានេះដែរ គឺជាសាលារៀន សម្រាប់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ នៅថ្នាក់ក្រោមជាតិ ត្រូវយល់ដឹង និងលុបបំបាត់ឱ្យបាន នូវអំពើរពុករលួយ ដែលកើតចេញពីការធ្វើលិខិតស្នាម និងត្រូវផ្លាស់ប្តូរឥរិយាបថពីមន្ត្រី ទៅជាអ្នកបម្រើសេវា ឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ដោយត្រូវចាត់ទុកថា ប្រជាពលរដ្ឋ គឺជាចៅហ្វាយ។
លោកប្រធានក្រុមប្រឹក្សាខេត្តបន្តថា វេទិកាទទួលបាននូវសំណួរ និងសំណូមពរ ទាំងផ្ទាល់មាត់ និងតាមលិខិត ចំនួន១៣ករណី ពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ រ៉ែ និងថាមពល អង្គភាពទឹកស្អាត សុរិយោដី និងរដ្ឋបាលឃុំ ត្រូវបានវាគ្មិន នៃមន្ទីរពាក់ព័ន្ធ រួមជាមួយលោកអភិបាលខេត្ត ធ្វើការដោះស្រាយ និងបំភ្លឺជូន១០០%។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា វេទិកានេះធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត ទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានា ក្នុងឆ្នាំ២០២៤ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកភ្នំក្រវាញ យកមកធ្វើការពិភាក្សា និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកនូវបញ្ហាប្រឈម និងសំណូមពរ សម្រាប់រដ្ឋបាលខេត្ត យកទៅធ្វើការពិចារណា ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។
ឆ្លងកាត់សំណួរ និងសំណូមពរ ដែលបានដោះស្រាយ និងបំភ្លឺជូន ចំនួន១៣ករណីនោះរួចមក លោក ខូយ រីដា ក៏បានជម្រុញដល់អង្គភាពពាក់ព័ន្ធ ស្រុក និងឃុំ ត្រូវពិនិត្យឡើងវិញ លើកការងារផែនការ៣ឆ្នាំរំកិល និងការដេញថ្លែក្នុងការស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខ្លួន ឱ្យមានភាពសុក្រិត និងចូលរួមថែរក្សាការពារបរិស្ថាន ឱ្យមានសោភណ្ឌភាព។ ទន្ទឹមនឹងនោះ ក្នុងបរិបទនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាន រយៈពេលកន្លងមក និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួន អំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។
លោកបានថ្លែងអំណរគុណ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ ក៏ដូចជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ទាំងផ្ទាល់មាត់និងតាមរយៈលិខិត ដោយមានភាពរលូន និងទទួលយកបានទាំងអស់គ្នា។
ក្នុងថ្ងៃដដែលនោះ ឆ្លៀតឱកាសមុនចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកភ្នំក្រវាញ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានអញ្ចេីញចុះជួបសំណេះ សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ដែលជាតម្រូវការចាំបាច់ របស់បងប្អូនអាជីវករផ្សារលាច ប្រកបដោយភាពស្និតស្នាលក្រៃលែងផងដែរ៕