(ភ្នំពេញ)៖ លោកស្រី ស៊ុយ សុខា អតីតនិស្សិតសិក្សានៅប្រទេសជប៉ុន ក្រោមអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ចេញទៅសិក្សានៅឆ្នាំ២០០២-២០០៥ លើជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់និស្សិតដែលមានបំណងចង់សិក្សានៅក្រៅប្រទេស ឱ្យពិចារណាអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន។

លោកស្រីបានលើកឡើងថា បច្ចុប្បន្ននេះ គាត់ធ្វើការនៅក្រុមហ៊ុន HRINC (Cambodia) រយៈពេល២០ឆ្នាំ ដោយចាប់ផ្តើមពីតំណែងតូចបំផុត រហូតទទួលបានតំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន លើផ្នែកជ្រើសបុគ្គលិក (HR)។

តាមរយៈវីដេអូ លោកស្រី ស៊ុយ សុខា បានថ្លែងថា អ្វីដែលរៀនពីប្រទេសជប៉ុន គឺក្រៅពីគុណភាពអប់រំសិក្សា គឺទទួលបានអត្ថប្រយោជន៍យល់ដឹងពីសង្គម ការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ជាច្រើនដែលពីបណ្តាប្រទេសជុំវិញពិភពលោក និងបានស្វែងយល់ពីរបៀបរស់នៅដោយខ្លួនឯង។

លោកស្រី ស៊ុយ សុខា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមធ្វើការលើកទឹកចិត្តដល់ប្អូនៗសិស្សនិស្សិតទាំងអស់ ដែលមានបំណងចង់ស្វែងរកឱកាសអាហារូបករណ៍ទៅសិក្សាក្រៅប្រទេស ឱ្យពិចារណា អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន»។

ឆ្លៀតឱកាសនោះដែរ លោកស្រី ស៊ុយ សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្តល់នូវឱកាសអាហារូករណ៍ជាច្រើនមកកាន់ប្រទេសកម្ពុជា៕