(តាកែវ)៖​ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក​ ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២៤នេះ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានា សុពលភាពការងារកែលម្អផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ៥០០ម៉ែត្រ, ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

នាឪកាសនោះលោកបណ្ឌិត នួន ដាញ៉ិល​ បានឱ្យដឹងថា​រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានា ដើម្បីបន្តជំរុញការលើកកម្ពស់ ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម។

លោកបណ្ឌិតរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវដី ជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់បានយូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញដំណើរអន្តរកម្មផ្នែក សង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងជាការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ សមិទ្ធផលខាងលើនេះ បានផ្តល់អត្ថប្រយោជន៍ដល់ការរស់ នៅក្នុងសហគមន៍ មានផ្លូវធ្វើដំណើរកាន់តែងាយស្រួល និងបានកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ នៅក្នុងការធ្វើដំណើរផងដែរ។

លោកបណ្ឌិត នួន ដាញ៉ិល លើកឡើងបន្ថែមថា តាមរយៈការស្តារ ការកែលម្អ និងការស្ថាបនាផ្លូវដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ គឺបានកំពុងជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗ នៅតាមសហគមន៍ជនបទ មានជីវភាពសមរម្យ និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន, ជឿនលឿន និង ស៊ីវីល័យ, ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជុំវិញការចុះពិនិត្យផ្លូវនេះដែរ​លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរនៅក្នុងមូលដ្ឋានខាងលើ សូមចូលរួមថែទាំផ្លូវ នេះឱ្យបានគង់វង្ស សម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ ព្រោះកាលណាយើងមានផ្លូវល្អ យើងអាចធ្វើដំណើរបានលឿន និងកាត់បន្ថយការចំណាយផ្សេងៗមួយចំនួនផងដែរ៕