(ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិន ប្រចាំកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីបាឋកថាស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកលរួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន។

ថ្លែងទៅកាន់អង្គពិធីដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមចំនួន១០០រូប, លោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែងការអបអរសាទរដោយស្មោះត្រង់ចំពោះអង្គពិធីទាំងមូលដែលបានយកចិត្តទុកដាក់ខ្ពស់លើការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា ដែលនេះបានក្លាយទៅជាមូលដ្ឋានដ៏រឹងមាំ ក្នុងការពង្រឹងការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា និងការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាក់ស្តែង ប្រទេសចិន និងកម្ពុជាបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងបានរៀបចំព្រឹត្តិការណ៍នានាជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជនទាំងពីរ ជាពិសេសរវាងយុវជន។ អ្វីដែលលោកចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរបានរៀបចំការសម្ដែងរួមគ្នានៃក្បាច់គុនសៅលីង មកពីខេត្តហឺណាន និងក្បាច់គុនខ្មែរល្បុក្កតោ នៅលើទឹកដីអង្គរ កាលពីចុងខែមេសា ឆ្នាំ២០២៤ ដែលការណ៍នេះមិនត្រឹមតែចូលរួម លើកកម្ពស់ការយល់ដឹងវប្បធម៌ រវាងប្រទេសទាំងពីរទេ តែថែមទាំងបង្កើនសាមគ្គីភាព និងមិត្តភាពដែកថែករវាងប្រជាជនទាំងពីរផងដែរ។

លោក ឆាង ជាន (Chang Jian) អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា រយៈពេលជាងមួយឆ្នាំមកហើយដែលគំនិតផ្តួចផ្តើមអរិយធម៌សកលបានទទួលការឆ្លើយតបជាវិជ្ជមានពីពិភពលោកដែលបានបម្រើដល់ការពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនគ្រប់ប្រទេសកសាងការឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អន្តរជាតិ ជំរុញការអភិវឌ្ឍអរិយធម៌មនុស្ស ជំរុញដំណើរការទំនើបភាវូបនីយកម្មរបស់មនុស្ស និងជំរុញការកសាងសហគមន៍នៃអនាគតរួមគ្នាបានចាក់បញ្ចូលកម្លាំងជំរុញយ៉ាងខ្លាំងក្លាទៅក្នុងដំណើរការ។

លោកបន្ថែមថា ប្រទេសចិន និងកម្ពុជាទាំងពីរមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងវប្បធម៌ដ៏អស្ចារ្យ។ អរិយធម៌ចិននិងអរិយធម៌ខ្មែរទាំងពីរជាកម្មសិទ្ធិនៃសាវតារវប្បធម៌អាស៊ី ហើយ«សន្តិភាព» គឺជាមូលដ្ឋានវប្បធម៌ទូទៅមួយរបស់យើង។

លោកជឿជាក់ថា ការប្រារព្ធឡើងដោយជោគជ័យនៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ចិន-កម្ពុជា នឹងបន្តដើរតួនាទីជាវិជ្ជមានក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រទៅវិញទៅមករវាងប្រទេសចិន និងប្រទេសកម្ពុជា ហើយការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ បង្កើនការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរសម្រេចបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី។

តាមរយៈសៀវភៅជាខេមរភាសាស្តីពី «យល់ដឹងកាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងនាមជាវាគ្មិនបានរំលេចពីគុណតម្លៃនៃគំនិតផ្តួចផ្តើមអរិយធម៌សកលដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានពិគ្រោះពិភាក្សា និងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌ដែលលើកឡើងដោយប្រទេសចិន ហើយសម្រេចចិត្តសន្មត់យកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនារវាងអរិយធម៌។

តាមរយៈបទបង្ហាញរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងនាមសិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការដែលបានចូលរួមក្នុងអង្គបាឋកថានេះលោក ង៉ែត រ៉ាឌី និស្សិតជំនាន់ទី១៣ ឯកទេសល្ខោនខោលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងថា «គំនិតផ្តួចផ្តើមនេះបានផ្តល់ដល់យើងនូវការរួមដៃគ្នាដើម្បីបន្តក្តីសុបិននៃការអភិវឌ្ឍ និងរួមចំណែកដល់បុព្វហេតុនៃទំនើបកម្មពិភពលោក រួមគ្នាកសាងមូលដ្ឋានគ្រឹះនៃសន្តិសុខ និងរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពពិភពលោក រួមគ្នាប្រមូលផ្តុំពន្លឺនៃអរិយធម៌ និងរួមចំណែកដល់មរតក និងការច្នៃប្រឌិតនៃវប្បធម៌មនុស្ស រួមគ្នាកសាងស្ពានរវាងចិត្ត និងគំនិតរបស់ប្រជាជន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក រួមចំណែកលើកកម្ពស់ការយោគយល់គ្នា និងការស្រលាញ់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន»៕