(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចរាចរណ៍ផ្លូវគោកខេត្តកែប បានស្នើដល់សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ បទបញ្ញត្តិចរាចរណ៍ផ្លូវគោក ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ក្មួយៗ សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់ស្រទាប់ឱ្យបានយល់ដឹងកាន់តែខ្ពស់ អំពីវិធានការនានា និងច្បាប់ចរាចរណ៍ផ្លូវគោក សំដៅឱ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គមរបស់យើងកាត់បន្ថយមកនៅត្រឹមកម្រិតទាប ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់។
ថ្លែងក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩។ ដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកែវ។ ដែលរៀបចំកម្មវិធីដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។
លោកអភិបាលខេត្ត បានបន្តថា ចរាចរណ៍ផ្លូវគោក បានក្លាយជាវិញ្ញាសារដ៏ចម្បង ជាការព្រួយបារម្មណ៍ដ៏ធំបំផុត និងជាកត្តាមួយដែលធ្វើឱ្យជីវិតមនុស្ស ជួបនូវការនិរាសព្រាត់ប្រាស់ ពីក្រុមគ្រួសារ និងពិការភាពជាដេីម។
លោកបានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តកែប បានកើនឡើង ៣២/២៣ បើធៀបរយៈពេល៩ខែ ដូចគ្នាក្នុងឆ្នាំ២០២៣ មានការកើនឡើង៩លើក ស្មើនឹង៣៩,១៣%។ កត្តាទាំងនេះបណ្តាលមកពីប្រជាពលរដ្ឋមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ ខ្វះការអធ្យាស្រ័យ បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងដោយប្រថុយប្រថានខ្វះការប្រុងប្រយ័ត្ន។ល។
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ដែលប្រារព្ធធ្វើឡើងនាថ្ងៃនេះ ក្នុងគោលបំណងរំលឹកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងយល់ដឹងកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត៕