(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងជូនសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករ ទេសចរណ៍ទាំងអស់ អំពីកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Good Time Relax Resort & Hotel ខេត្តកំពត។
ក្នុងអំឡុងពេលពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រសួងទេសចរណ៍សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នឹងរៀបចំកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា តាមរយៈការរៀបចំឱ្យមានជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) បាននិងកំពុងជ្រើសរើសក្រុមហ៊ុនទេសចរណ៍ដែលជាអ្នកទិញ (Buyers) និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencers) សំខាន់ៗចំនួន៦០ក្រុមហ៊ុន ពីឥណ្ឌូណេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា រុស្ស៉ី តួកគី អ៉ីរ៉ង់ ចិន និងសហភាពអារ៉ាប់រួម រួមជាមួយ អ្នកលក់ (Sellers) ដែលជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុកប្រមាណ១០០ក្រុមហ៊ុន។
កម្មវិធីនេះនឹងរៀបចំឡើងជាទម្រង់នៃជំនួបចរចាពាណិជ្ជកម្មទេសចរណ៍ទ្វេភាគី (B2B) រវាងអ្នកទិញ (Buyers) និងអ្នកលក់ (Sellers) ដោយមានការចុះកិច្ចសន្យាទិញ-លក់នៅទីតាំងផ្ទាល់ អមជាមួយសិក្ខាសាលាផ្សព្វផ្សាយស្តីពីតម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ក្រសួងទេសចរណ៍បានអំពាវនាវដល់សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានបំណងចង់ក្លាយជាអ្នកលក់ (Sellers) ដើម្បីចូលរួមក្នុងកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) សំដៅបង្កើនទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម និងជំរុញភាពទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិមកទស្សនា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ពិសេសតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោកកាន់តែច្រើនថែមទៀត។
អ្នកមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងចុះឈ្មោះចូលរួមកម្មវិធីជំនួបខាងលើ តាមរយៈទូរស័ព្ទលេខ (Telegram/WhatsApp) និង Email: [email protected]៕