(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពីធីប្រកាសជ័យលាភី «ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤» ក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អ» នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

ពីធីនេះ ធ្វើឡើងក្រោមអធិបតីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូប។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណង ជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានថ្លែងកោតសរសើរ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យ ក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទរបស់ ក.ប.ទ. ក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ក្រុមការងាររៀបចំកម្មវិធី ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអបអរសាទរ និងប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ព្រមទាំងលិខិតសរសើរជូនដល់ក្រុមហ៊ុនជ័យលាភីចំនួន៥ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមក្រុមហ៊ុនដាក់ពាក្យសរុបចំនួន៦៤ក្រុមហ៊ុន និងពានរង្វាន់កិត្តិយសស្រ្តីឆ្នើម បច្ចេកវិទ្យាប្រចាំឆ្នាំ ដល់បេក្ខនារីចំនួន១រូប។

លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឲ្យដឹងថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ (Cambodia Digital Awards ហៅកាត់ថា CDA) គឺជាកម្មវិធី ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុត ក្នុងប្រទេសកម្ពុជា។

លោក សំ សិទ្ធិសេរី បន្ដទៀតថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីនេះ មានគោលបំណងជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖

* ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទ្ធិផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានា លើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
* ការលើកទឹកចិត្ត (Motivation) ផ្តល់ការលើកទឹកចិត្ត ដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។
* ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងវិស័យនីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ជំនួញ និងរវាងប្រជាជន ដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែលជាកត្តារួមចំណែក ក្នុងការអភិឌ្ឍវិស័យឌីជីថល នៅ ព្រះរាជាណាចក្រកម្ពុជា។
* ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទ្ធិផល ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនិងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល៕

សូមបញ្ជាក់ថា ក្រុមហ៊ុនឯកជន/ក្រសួង-ស្ថាប័ន ដាក់ពាក្យចូលរួមប្រកួតប្រជែង ដោយមាន ៥ ប្រភេទពានរង្វាន់ និងការទទួលស្គាល់ពិសេសសម្រាប់ស្ត្រីឆ្នើម បច្ចេកវិទ្យាប្រចាំឆ្នាំ។
ជ័យលាភីទាំង ៦ប្រភេទពានរង្វាន់ និងប្រាក់រង្វាន់សម្រាប់ជ័យលាភី នៅឆ្នាំនេះរួមមាន៖

១៖ ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន២,៥០០ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់ផលិតផល Wingagri។

២​៖ បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន ២,៥០០ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់ផលិតផល Solar Smart Irrigation System, Solar Irrigation Station។

៣៖ មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន២,៥០០ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន 606 Digital សម្រាប់ផលិតផល Sampi TV។

៤៖ ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន១៥,០០០ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Jalat Logistics សម្រាប់ផលិតផល Jalat Logistics។

៥៖ ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន៧,៥០០ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សម្រាប់ផលិតផល Machine Translation for Khmer Braille។

៦៖ ពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year) ត្រូវបានផ្តល់ជូន លោកស្រី រស់ ពេជ្រហេមី មកពីក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា៕