(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សន្និសីទ ដែលរៀបចំដោយគណៈប្រតិភូមិត្តភាពនៃតំបន់ស្វ័យតស៊ីនជាំង និងស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រោមប្រធានបទ «ស៊ីនជាំងគឺជាទឹកដីដ៏អស្ចារ្យ» ត្រូវបានរៀបចំឡើងដោយជោគជ័យ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Zhang Zhu អនុលេខាបក្សនៃគណៈកម្មាធិការតំបន់ស្វយ័តស៊ីនជាំង លោក Zhang Qiang លេខាបក្សនៃនាយកដ្ឋានអភិរក្សទឹកនៃស៊ីនជាំង លោក Xu Tao អគ្គនាយករងនៃនាយកដ្ឋានកសិកម្ម និងកិច្ចការជនបទនៃស៊ីនជាំង លោក Hou Yong អភិបាលរងក្រុងអ៊ុយរូមឈី ស៊ីនជាំង រួមជាមួយនឹងសមាជិកមកពីវិស័យសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ញវ័ន្ត។
ក្នុងឱកាសអបអរសាទរខួប ៦៦ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជិត ១០០នាក់ ដែលបង្ហាញពីភាពជាដៃគូកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរលើវិស័យផ្សេងៗដូចជា វប្បធម៌ ការអប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។
ក្នុងសិក្ខាសាលានេះ មន្ត្រីនៃតំបន់ស្វយ័តស៊ីនជាំង បានបង្ហាញនូវសមិទ្ធផលនានានៅក្នុងតំបន់ស៊ីនជាំង ចាប់ពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រហូតដល់ការការពារសិទ្ធិមនុស្ស។ នៅក្នុងសុន្ទរកថារបស់លោក Zhang Zhu បានសង្កត់ធ្ងន់លើបេតិកភណ្ឌពហុវប្បធម៌ដ៏សម្បូរបែបរបស់ស៊ីនជាំង និងបានគូសបញ្ជាក់ពីរបៀបដែលភាពចម្រុះជាតិសាសន៍នេះបានពង្រឹងសេដ្ឋកិច្ចសង្គមក្នុងតំបន់ និងបានអញ្ជើញប្រជាជនកម្ពុជាឱ្យស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ និងសម្រស់ធម្មជាតិរបស់ស៊ីនជាំង។
ក្នុងអំឡុងសន្និសីទនេះ លោក Xu Tao ក៏បានពិភាក្សាអំពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ស៊ីនជាំង នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដោយផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការសហការក្នុងវិស័យសេដ្ឋកិច្ច កសិកម្ម ការវិនិយោគ និងឌីជីថលជាដើម។ លោកក៏បានលើកឡើងពីភាពសុខដុមរមនា ការរីកចម្រើន និងវិបុលភាពរបស់ស៊ីនជាំង ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកម្ពុជា និងពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត Wang Wenbin បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃតំបន់ស្វ័យតស៊ីនជាំង និងអបអរសាទរចំពោះការរៀបចំដ៏បានជោគជ័យនៃកម្មវិធីចែករំលែកមួយនេះ។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា «ស៊ីនជាំង និងកម្ពុជាមានភូមិសាស្ត្រជិតស្និទ្ធ និងមានទំនាក់ទំនងសហប្រតិបត្តិការជាច្រើន។ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ក៏បានធ្វើព្រះរាជទស្សនកិច្ចទៅកាន់ស៊ីនជាំង។ រីឯក្នុងខែសីហា ឆ្នាំ២០២៤នេះ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានអមដំណើរព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅកាន់ខេត្តស៊ីនជាំង។ ខ្ញុំសង្ឃឹមថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យកម្ពុជា និងចិនកាន់តែជិតស្និទ្ធជាមួយគ្នា ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់យើងឱ្យកាន់តែស៊ីជម្រៅថែមទៀត»។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត Wang បានបន្ថែមថា «ប្រទេសចិន និងកម្ពុជា មានទំនាក់ទំនងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ និងរវាងប្រជាជន និងប្រជាជនយ៉ាងជិតស្និទ្ធ ហើយក៏ជាមិត្តដែកថែបផងដែរ។ អាចនិយាយបានថាពួកគេជាបងប្អូនដែលយកចិត្តទុកដាក់នឹងគ្នា»។ លោកបានបន្តទៀតថា «ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី៦៦ឆ្នាំមុនមក ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី»។
សន្និសីទ «ស៊ីនជាំង ជាទឹកដីដ៏អស្ចារ្យ» បានបង្ហាញនូវបេតិកភណ្ឌ និងវប្បធម៌ដ៏សម្បូរបែបរបស់ស៊ីនជាំង តាមរយៈតន្ត្រី របាំ និងសំលៀកបំពាក់ប្រពៃណី។ កម្មវិធីនេះបានបង្ហាញពីការអភិវឌ្ឍវប្បធម៌ សេដ្ឋកិច្ច និងសង្គមនៃតំបន់ស្វយ័តស៊ីនជាំង ដែលជាតំបន់មួយនៅភាគពាយព្យនៃប្រទេសចិន។ កំឡុងកម្មវិធី វីដេអូ និងបទបង្ហាញពីសម្រស់ធម្មជាតិក្នុងតំបន់ អំពីសង្គមមួយដែលមានជាតិសាសន៍ចម្រុះ ដែលរស់នៅប្រកបដោយសុខដុមរមនា និងភាពជឿនលឿនក្នុងវិស័យផ្សេងៗ រួមទាំងការអប់រំ ទេសចរណ៍ និងសេរីភាពខាងសាសនា ក៏ត្រូវបានលើកយកមកបង្ហាញក្នុងសន្និសីទ៕