(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ុក កោសា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា និងលើកទិសដៅភារកិច្ចខែធ្នូ ឆ្នាំ២០២៤។ ពិធីនេះបានធ្វើនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមុនីជ័យ។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយឃុំទាំង១០ នៃស្រុកសាមគ្គីមុនីជ័យ និងជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុង-ស្រុកជាច្រើនរូប។

លោក មួង ធី ប្រធានគណៈកម្មាធិការគណបក្សស្រុក បានធ្វើរបាយការណ៍ជូនអង្គប្រជុំជ្រាប អំពីលទ្ធផលការងារជាច្រើនដែលសម្រេចបានក្នុងរយៈពេល ១ខែ ឆ្នាំ២០២៤ ក្នុងបុព្វហេតុបម្រើប្រជាជន និងការដោះស្រាយ ជីវភាពរបស់ប្រជាជន ជាពិសេសការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សមិទ្ធផលទាំងនេះបានបន្តបង្កើន និងពង្រឹងជំនឿជឿជាក់របស់ប្រជាជនលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រមុខនៃរាជរដ្ឋាភិបាល ដែលបានបន្តពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន។

នាឱកាសនោះលោកបណ្ឌិត អ៊ុក កោសា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃស្រុកសាមគ្គីមានជ័យដែលកន្លងមកបានខិតខំយកអស់កំលាងកាយ, ចិត្ត, ស្មារតី និងធនធានផ្ទាល់ខ្លួន ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ក្នុងរយៈពេល ១ខែ កន្លងមក។

លោកបណ្ឌិតបានណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗ ឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង ជាមួយគ្នានេះ ត្រូវបន្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់, ការឆបោក, សកម្មភាពក្មេងទំនើង ដោយអនុវត្តឱ្យបានម៉ត់ ចត់បំផុត។

លោកបណ្ឌិត អ៊ុក កោសា ក៏បានបន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន ដោយយកតាមអភិក្រម នាំគ្នាឆាប់ដុសក្អែល បើពុំនោះទេនឹងប្រឈមមុខជាមួយនឹងការវះកាត់ជាក់ជាមិនខានឡើយ៕