(ភ្នំពេញ)៖ ក្រុមធ្វើនយោបាយប្រឆាំង បានព្យាយាមលាបពណ៌ដាក់មកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋខ្មែរបានចាត់ទុកថា លោកជាបិតាសន្តិភាពរបស់ប្រវត្តិសាស្ត្រខ្មែរក្នុងសតវត្សទី២១។ តើសម្តីលាប ណ៌ទាំងនោះ អាចធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិ ជឿដែរឬទេ? សូមទស្សនាបទអត្ថាធិប្បាយរបស់ Fresh Exclusive
ច្រើនឆ្នាំកន្លងមកនេះ ក្រុមធ្វើនយោបាយប្រឆាំងបានព្យាយាមលាបពណ៌ដាក់មកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋខ្មែរបានចាត់ទុកថា លោកជាបិតាសន្តិភាពរបស់ប្រវត្តិសាស្ត្រខ្មែរក្នុងសតវត្សទី២១។
ក្រោមការចេញនូវយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេល១០៥២យប់ ១០៥២ថ្ងៃ កម្ពុជាអស់សង្គ្រាមស៊ីវិលទាំងស្រុង និងទឹកដីបានឯកភាពពេញលេញទាំងស្រុងនាថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ជិតមកដល់ទៀតនេះគឺជាខួប២៦ឆ្នាំ នៃយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ ដែលបំបាត់ចលនាឧទ្ទាមខ្មែរក្រហម និងការនាំមកសន្តិភាព និងឯកភាព ទឹកដីខ្មែរទាំងស្រុង ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំនៃប្រវត្តិសាស្ត្រជាតិកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍មួយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានថ្លែងរំលឹកនូវចំណុចពិសេសចំនួន២ ខណៈខួបនយោបាយឈ្នះ-ឈ្នះ នឹងមកដល់ក្នុងរយៈពេលមួយខែទៅមុខទៀតនេះ៖
«នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោដែលបញ្ចប់សង្គ្រាមនេះ ក្នុងរយ:ពេលប្រាំរយឆ្នាំនេះ មានលក្ខណ:ពិសេសពីរ ដែលពីមុនមកយើងអត់ដែលមាន។ ទី១ គឺបញ្ចប់សង្គ្រាម ហើយបង្រួបបង្រួមទឹកដី យើងអត់មានតំបន់អបគមន៍ តំបន់ដាច់ ដូចពី៥០០ឆ្នាំមុននោះទេ។ ក្នុង៥០០ឆ្នាំនេះ យើងមិនដែលមានការបង្រួបបង្រួមទឹកដីពេញទេ សូម្បីតែជំនាន់មុនរដ្ឋប្រហារក៏នៅមានតំបន់ដាច់ជាពិសេសនៅភូមិភាគប្រាំនេះ ដូចតំបន់ភ្នំវាលចាប តំបន់អ្វី ក៏មានតំបន់ចលនាតស៊ូ ខ្មែរឥស្សរ:អ្វីផ្សេងៗ ដែលយើងមានខ្មែរប៉ុន្មានពណ៌នោះនៅសំឡូត នៅអ្វីផ្សេងនៅខាងពោធិ៍សាត់ កន្លែងដែលពិបាកជិតខាងកោះកុង ក៏មានតំបន់ដែរ។ អញ្ចឹងលក្ខណ:ពិសេសឥឡូវនេះ គឺយើងអត់មានតំបន់ណាដែលថាតំបន់ ដែលមិនមានការគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ សាមគ្គីគ្នាភ្ជាប់តគ្នានោះទេ។ ទី២ រយៈពេល២៦ឆ្នាំ យើងគិតថាដូចមិនយូរទេ ប៉ុន្តែបើយើងមើលប្រាំឆ្នាំ គឺជាពេលវេលាមួយដែលសន្តិភាពអាចនៅយូរបានជាងគេ។ ពាក្យខ្មែរថា ខ្ញុំឮចាស់ៗគាត់ថា ខ្មែរបានតែមួយឆ្អិនកំពិស ព្រោះតាមប្រវត្តិសាស្ត្រមកគឺបានតែរួបរួមគ្នាបន្តិចសង្គ្រាម រួបរួមគ្នាបន្តិចសង្គ្រាម សូម្បីតែជំនាន់ព្រះករុណាដែលបានឯករាជ្យ ឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ យើងក៏មានសង្គ្រាមទៅ។ ឥឡូវ២៦ឆ្នាំហើយ អញ្ចឹងបើក្នុងប្រាំរយឆ្នាំ មានតែពេលហ្នឹងទេ ដែលសន្តិភាពនេះរយ:ពេលវែង។ អញ្ចឹងលក្ខណ:ពិសេសគឺពីរចំណុចនេះហើយ»។
នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយអច្ឆរិយៈដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនយោបាយនេះត្រូវបានមជ្ឈដ្ឋានលើសកលលោក បានកោតស្ញប់ស្ញែងជាខ្លាំងដោយសារតែជានយោបាយមិនបានចំណាយគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់នៅក្នុងការដោះស្រាយទំនាស់ឡើយ។
ប៉ុន្តែភាពច្រណែនឈ្នានីសរបស់ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ដែលគេបានដាក់ឈ្មោះថា ត្រកូលក្បត់ជាតិបីជំនាន់នោះ មិនត្រឹមតែមិនទទួលស្គាល់នយោបាយធ្វើឱ្យប្រទេសមានសន្តិភាព និងការឯកភាពទឹកដីពិតប្រាកដនោះឡើយ ពួកគេបានព្យាយាមលាបពណ៌ចោទម្តងហើយម្តងទៀតថា សម្តេចតេជោ បិតានៃសន្តិភាពរបស់ជាតិខ្មែរ បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនោះទៅវិញ។
តាមពិតការបញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកវិញនូវសន្តិភាពពេញលេញទាំងស្រុង គឺជាអ្វីដែលប្រជាជនកម្ពុជាតែងប្រាថ្នាចង់បាន ពីព្រោះការបញ្ចប់សង្គ្រាមមានន័យថា បញ្ចប់គ្រោះថ្នាក់ស្លាប់ដោយសារសង្គ្រាម និងការលែងបែកបាក់គ្រួសារ និងសង្គម ប៉ុន្តែក្រុមជ្រុលនិយមបានញុះញង់ឱ្យបក្ខពួកបន្តនាំគ្នាហែកហួរ ចង់ឱ្យសង្គមឈ្លោះប្រកែកគ្នា តាមរយៈការបង្កើតព័ត៌មានប្រឌិត និងក្លែងក្លាយដើម្បីបំភាន់សាធារណមតិជាតិ និងអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ដាក់មកលើសម្តេចតេជោនៃបិតាសន្តិភាពជាតិខ្មែរ មិនមែនត្រូវគេជឿទៅលើសម្តីញុះញង់របស់ក្រុមជ្រុលនិយមមួយ ក្តាប់តូចតែមួយចំហៀងនោះទេ បើទោះបីជាមានបណ្តឹងមួយចំនួនតាមរយៈមេធាវីរបស់ក្រុមជ្រុលនិយមនោះ ទៅកាន់តុលការ ICC នាទីក្រុងឡាអេ ក្នុងនោះ រួមមានបណ្តឹងនៅឆ្នាំ២០១៣ និងឆ្នាំ២០១៤កន្លងមកនោះក្តី ក៏ការិយាល័យតុលាការ ICC មិនដែលបានរកឃើញថា វាជាករណីបណ្តឹងមានទម្ងន់ចោទប្រកាន់ ដោយក្រុមជ្រុលនិយមទាំងនោះ បានលើកឡើងឡើយ។
ថ្មីៗនេះទៀត ដើម្បីលើកទឹកចិត្តក្រុមគាំទ្ររបស់ខ្លួន ដែលខ្លះនៅតែបន្តជឿលង់ លើនយោបាយវង្វេងជាតិក្នុងបំណងចង់នាំប្រទេសឱ្យធ្លាក់ចូលក្នុងសង្គ្រាមវិញនោះ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានឆ្លៀតធ្វើអាជីវកម្មនយោបាយនៅ ពេលបានឃើញការចេញដីការបស់តុលាការ ICC តាមចាប់ខ្លួនមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា លោក មីន អូងឡាំង ដោយការបង្កើតព័ត៌មានក្លែងក្លាយធ្វើឱ្យគេអាចយល់ច្រឡំថា អនាគតរបស់សម្តេចតេជោ ហ៊ុន សែន នឹងអាចដូចមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ានោះ។ ប៉ុន្តែភាពខុសគ្នារវាងមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា និងបិតាសន្តិភាពនៃប្រទេសកម្ពុជា តាមពិតមានភាពខុសគ្នាទាំងស្រុង។
លោក មីន អូងឡាំង ក្នុងឆ្នាំ២០២១ ត្រូវគេនិយាយថា លោកបានដឹកនាំរដ្ឋប្រហារដកអំណាចពីរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ ការដឹកនាំរបស់លោក មីន អូងឡាំង បន្ទាប់ពីរដ្ឋប្រហារត្រូវបានគេដាក់ទណ្ឌកម្ម និងមានការរិះគន់ពីសហគមន៍អន្តរជាតិដែលចោទលើការបំពានសិទ្ធិមនុស្ស និងការបង្កហិង្សានៅក្នុងប្រទេស។ ការដឹកនាំរបស់លោក មីន អូងឡាំង ក្រោយមកទៀតបានធ្វើឱ្យមីយ៉ាន់ម៉ា ត្រូវបានគេដកចេញពីសកម្មភាពមួយចំនួនក្នុងសហគមន៍អន្តរជាតិ និងក្រោយមកមានការប្តឹងទៅតុលាការ ICC រហូតដល់ចេញដីកាតាមចាប់ខ្លួន។
ចំណែកសម្តេចតេជោ ហ៊ុន សែន នេះវិញនាឆ្នាំ១៩៧០ ក្នុងអាយុ១៨ ឆ្នាំលោក បានចូលរួមតស៊ូក្នុងព្រៃ បន្ទាប់ពីសេចក្តីអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ បន្ទាប់មកក្នុងឆ្នាំ១៩៧៧ ដោយការមើលឃើញនូវគ្រោះថ្នាក់ដ៏ធំរបស់ជាតិ ដោយសារតែការដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម សម្តេចបានភៀសខ្លួនទៅវៀតណាម និងចូលរួមបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជំនះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
សម្តេច បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងឆ្នាំ១៩៨៥ ហើយបានកាន់តំណែងនេះរហូតដល់ឆ្នាំ ២០២៣។ ក្រោមការដឹកនាំរបស់លោក ទឹកដីកម្ពុជា បានទទួលសុខសន្តិភាព និងការឯកភាពជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមស៊ីវិលថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រទេសកម្ពុជាបានទទួលការអភិវឌ្ឍសេដ្ឋកិច្ច និងសម្តេច ថែមទាំងបានទទួលការសរសើរពីសហគមន៍អន្តរជាតិចំពោះការបញ្ចប់សង្គ្រាមស៊ីវិល និងការបង្កើតសន្តិភាពនៅកម្ពុជាថែមទៀត។ ជាក់ស្តែងនៅឆ្នាំ២០១៧ សម្តេចតេជោបានទទួលពានរង្វាន់សន្តិភាព Confucius Peace Prize ដែលជាពានរង្វាន់ទទួលស្គាល់នូវតួនាទីរបស់សម្តេចក្នុងការផ្សព្វផ្សាយសន្តិភាព និងស្ថិរភាពនៅកម្ពុជា។
នៅខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានទទួលពានរង្វាន់សន្តិភាព Peace Prize Foundation ដែលជាពានរង្វាន់ទទួលស្គាល់នូវស្នាដៃមហិមារបស់សម្តេច ក្នុងការបង្កើតសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា និងការចូលរួមសកម្មភាពសន្តិភាពប្រចាំតំបន់។ នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ បានទទួលមេដាយសន្តិភាពសម្រាប់ មនុស្សជាតិ និងភពផែនដី ពីក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព ក្នុងពេលប្រជុំសភាអន្តរជាតិទី១១ សម្រាប់ការអត់ឱន និងសន្តិភាព ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ។ ពានរង្វាន់នេះ បានទទួលស្គាល់ថាសម្តេចជាមេដឹកនាំ ម្នាក់របស់ពិភពលោក ក្នុងការបញ្ចប់សង្រ្គាមស៊ីវិល និងបង្កើតសន្តិភាពយូរអង្វែងនៅកម្ពុជា។
ពានរង្វាន់ទាំងនេះហើយ គឺជាការបង្ហាញរបស់ប្រទេសក្នុងសកលលោក នៃការទទួលស្គាល់ជាអន្តរជាតិចំពោះការខិតខំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅប្រទេសកម្ពុជា។
ដូច្នេះ តើសម្តីព្យាយាមលាបពណ៌របស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ចោទថាសម្តេចតេជោ បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនោះ នឹងធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិ ជាពិសេសតុលាការ ICC នឹងជឿលើ សម រង្ស៊ី នេះបានដែរឬទេ?
ផ្លូវដើររបស់ សម រង្ស៊ី ត្រូវបានបង្ហាញរួចមកហើយថា គឺជាផ្លូវដ៏ទ័លច្រកមួយ ជាពិសេសតាមរយៈការបង្កើតចលនាតស៊ូ ដើម្បីប្រើហិង្សាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ចលនាតស៊ូ ប្រកាសដោយ សម រង្ស៊ី នៅក្នុងវត្តភ្នំសេរី ក្នុងរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៤ ត្រូវគេរំពឹងថា នឹងអាចមានវាសនាដូចជាចលនា Cambodian Freedom Fighters របស់ ឈុន យ៉ាសិទ្ធ ជាមិនខាន ពីព្រោះជាចលនាតស៊ូខុសនឹងច្បាប់ Neutrality Act នៃធម្មនុញ្ញសហរដ្ឋអាមេរិក ដែលបានហាមឃាត់បុគ្គល ឬក្រុមនៅក្នុងសហរដ្ឋអាមេរិកពីការរៀបចំ ឬគាំទ្រសកម្មភាពយោធាប្រឆាំងនឹងរដ្ឋាភិបាលបរទេសដែលមានសន្តិភាពជាមួយសហរដ្ឋអាមេរិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍មួយថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ ២០២៤ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ-ឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានថ្លែងថា សកម្មជនដែលធ្លាប់ដើរតាមនយោបាយរបស់មេខ្លោងក្រុមជ្រុលនិយម បាន ដើរចេញពីគន្លងផ្លូវរបស់ សម រង្សី ហើយបន្ទាប់ពីបានមើលឃើញច្បាស់នូវការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីតែផលប្រយោជន៍ជាតិនិងប្រជាជន៖
«ឥឡូវប្រជាពលរដ្ឋ សូម្បីតែថ្ងៃ១៨ សីហា អ្នកដែលជឿឃោសនាបំផុសឲ្យគេបាតុកម្ម ឥឡូវមកចូលរួមជាមួយនឹងសម្តេចតេជោ ជាមួយនិងគណបក្សប្រជាជន ក្មេងៗនៅក្រៅប្រទេសទាំង ហៃ វណ្ណា មុនគេ ប្អូនមួយឈ្មោះ សិទ្ធ ខ្លាំងណាស់តាមTelegram ហើយបើ ហៃ វណ្ណា វិញ(បាននិយាយថា) គឺមិនអត់ ឱនឱ្យត្រកូលហ៊ុនទេសុទ្ធតែអញ្ចឹង។ ប៉ុន្តែដល់ទីបំផុតដឹងខ្លួន មកបានជួបជាមួយសម្តេចតេជោ ហើយសម្តេចតេជោ លោកមិនដែលយកទោសពៃអ្វីទេហៅមកជួប។ ហ្នឹងហើយ ជានយោបាយឈ្នះ-ឈ្នះ»។
សម រង្ស៊ី គួរតែសម្រាកពីការធ្វើនយោបាយដ៏លេលានេះទៅ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ដែលលង់ជឿលើឧបាយកលដ៏ខ្មៅងងឹតនេះ។ ចំណែកអ្នកដែលលង់ខ្លួនដើរតាម សម រង្ស៊ី ត្រូវប្រញាប់ដកខ្លួនចេញមកវិញ បើពុំដូច្នោះទេ អ្នកនឹងត្រូវជាប់ឈ្មោះជាក្រុមបំផ្លាញសន្តិភាពនិងបំផ្លាញជាតិរបស់ខ្លួនដែលប្រវត្តិសាស្ត្រនឹងសរសេរកត់ត្រាទុក និងធ្វើការផ្តន្ទាទោសជាមិនខានឡើយ៕