(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបន្តអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្នែកខាងក្នុងផ្សារបឹងឈូក ព្រមទាំងឆ្លៀតសួរសុខទុក្ខបងប្អូនអាជីវករផ្នែកខាងក្រោយផ្សារ លក់បន្លែ ត្រី សាច់ និងបន្តប្រជុំដកស្រង់ចំនួនតូបដែលអាជីវករកំពុងធ្វើការលក់ដូរ ដើម្បីផ្ទៀងផ្ទាត់ជាក់ស្ដែងលម្អិតបន្ថែមទៀត។

លោក សុខ លូ បានថ្លែងថា ការបន្តចុះត្រួតពិនិត្យនេះ គឺដើម្បីផ្ទៀងផ្ទាត់លម្អិតបន្ថែមទៀត ក៏ដូចនាំយកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចបាន ប្រកាសផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូក ដែលតូបត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងពេញមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រានពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។

សូមជម្រាបថា ក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូកក្នុងនោះ សម្ដេចបានប្រកាសអនុញ្ញាតឱ្យរៀបចំជួសជុល សាងសង់តូបដែលឆេះឡើងវិញ ដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដូចដើមដដែល និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅដោយមិនមានបង់ថ្លៃតូបទៀតនោះទេ៕