(កំពង់ចាម)៖ លោក ស៊ីម គង់ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជំនួសលោក ឆាយ វ៉ាន់ស៊ី ដែលត្រូវទទួលភារកិច្ចថ្មី។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងលោក ខ្លូត ផន អនុប្រធានគណៈកម្មការបក្សខេត្ត និងលោកបណ្ឌិត ម៉ា ឈឿន សមាជិកសភាមណ្ឌលខេត្តកំពង់ចាម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ។
លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត ក្រៅពីសំណេះសំណាលជាមួយសមាជិកសមាជិកា លោកបានដាក់ចេញគោលការណ៍៥ចំណុចឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិកាមូលដ្ឋានយកទៅអនុវត្តដូចខាងក្រោមនេះ៖
*ទី១៖ បន្តពង្រឹងនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈដែលមានស្រាប់ ត្រូវអនុវត្តគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន
*ទី២៖ បន្តរួមគ្នាពង្រឹងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់លទ្ធភាព
*ទី៣៖ បន្តជំរុញការអភិវឌ្ឍហេដ្ឋារេចនាសម្ព័ន ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយគុណភាព
*ទី៤៖ ការរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងសាមគ្គីភាព ជាមួយក្រុមការងារចុះជួយមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងការបំពេញការងារ
*ទី៥៖ ពង្រឹងនូវការងារ ថែរក្សាសមាជិក សមាជិការបស់ខ្លួន ដោយត្រូវប្រជុំជីវភាពបក្សឱ្យបានជាប្រាំ និងការងាររៀបចំសមាជិកថ្មីបន្ថែមផងដែរ។
សូមបញ្ជាក់ថា លោកបណ្ឌិត ម៉ា ឈឿន ក៏បានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកជើងព្រៃ ដែលបានចូលរួមប្រមាណ៤០០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕