(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈឹម សៅគី សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្ដាលជួយឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពក្រុមការងារ និងក្រុមអចិន្ត្រៃយ៍ នៃក្រុមការងារយុវជនគណបក្សឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមក្រុមការងារគ្រប់ថ្នាក់ចុះជួយឃុំ តំណាងគណបក្សស្រុក ថ្នាក់ដឹកនាំសាខាបក្សភូមិ និងសកម្មជនយុវជនគណបក្សថ្នាក់ឃុំ សរុបចំនួន ១៤៧នាក់។

ឆ្លៀតនៅក្នុងឱកាសនោះលោក ឈឹម សៅគី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនានឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក៏ដូចជាលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះអង្គពិធីទាំងមូល។

ជាពិសេសលោក ឈឹម សៅគី បានផ្តល់ថវិកា និងក្រម៉ា ជូនដល់ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងយុវជនទាំងអស់ ប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅផងដែរ៕