(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប ​នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិព័រណ៍កសិ-ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកកែច្នៃ ទៅកាន់អ្នកប្រើប្រាស់ រយៈពេល០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទីខែធ្នូ ឆ្នាំ២០២៤។

ពិធីនេះក្រោមវត្តមានរបស់លោក ឌី រ៉ាដូ អភិបាលរងខេត្ត, លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត, លោក គិត ភារ៉ា អគ្គរងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងលោក ភឿង គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោកស្រី កែវ សុជាតា តំណាងអង្គការហ្រ្គេតប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញ ផលិតករ ពាណិជ្ជករ និងកសិករ និស្សិតនិងសិស្សានុសិស្សចូលរួមផងដែរ។

លោក ឌី រ៉ាដូ ​បានលើកឡើងថា ខេត្តសៀមរាប មានសក្តានុពលសំខាន់ក្រៅពីទេសចរណ៍ គឺវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់ៗ ដូចជា ផលិតផលកែច្នៃមានប្រហុក សាច់ក្រក នំ ព្រមទាំងការរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាប ក៏មានដំណាំរួមផ្សំ ដូចជា បន្លែ និងផ្លែឈើ។

លោកបន្តថា ផលិតផលទាំងនេះ កសិករអាចផលិតបានមួយចំនួនធំ ដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។ កត្តានេះដើម្បីជាគន្លឹះក្នុងការ ប្រកួតប្រជែងនៅលើទីផ្សារ ផលិតផលក្នុងស្រុកត្រូវខិតខំបង្កើតឱ្យបាននូវឧត្តមភាពប្រកួតប្រជែង គឺគុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តម្លៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផល។

លោកបានបន្តថា សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តសៀមរាប កំពុងតែមានការ រីកចម្រើនគួរឱ្យកត់សម្គាល់តែយើងសង្កេតឃើញថា ការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានាបានទៅតាមតម្រូវការប្រើប្រាស់នៅឡើយ នាំឱ្យមានការហូរ នូវផលិតផលពីបរទេសជាច្រើនរាប់ទាំងទំនិញ បន្លែផ្លែឈើ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនេះផលិតផលក្នុងស្រុកក៏មានការជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួនជាមួយផលិតផលនាំចូល។ ការប្រឈមទាំងនេះបណ្តាលមកពីកត្តាជាច្រើន ដូចជាបរិបទនៃការចូលរួមក្នុងពាណិជ្ជកម្មពិភពលោក ការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលមានការផ្លាស់ប្តូរខ្លាំង។

លោកបន្ថែមថា ផលិតករក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ដែលមិនអាចខ្វះបានទៀតនោះគឺការចូលរួមគាំទ្រទិញផលិតកម្មខ្មែរពីប្រជាជន ដើម្បីជួយឱ្យផលិតករក្នុងស្រុកអាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្មផលិតផលរបស់ខ្លួនបាន។

លោកស្រី កែវ សុជាតា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១០ អង្គការ GRET និង Agrisud បានធ្វើការជាមួយកសិករក្នុងសហគមន៍នានា នៅក្នុងខេត្តសៀមរាប ក្នុងការកែប្រែ និងលើកកម្ពស់កំរិតជីវភាពឱ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាព ផលិតកម្មកសិកម្ម ចម្រុះ ធានាគុណភាព សុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានទៀងទាត់។

លោកស្រីបានបន្តថា បច្ចុប្បន្នអង្គការបាននឹងអនុវត្តសកម្មភាពជារួមក្នុងខេត្តសៀមរាបទាំងមូល និងសកម្មភាពគាំទ្រដល់ផ្ទាល់ដល់កសិករ និងសហគមន៍របស់ពួកគាត់នៅក្នុង ក្រុង-ស្រុក ចំនួន០៧ ក្នុងនោះមាន៖ ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកជីក្រែង ដោយសរុបជាភូមិគោលដៅមានប្រមាណជា ១៤០ភូមិ ក្នុង១៦ឃុំ និងមានអ្នកទទួលផលដោយផ្ទាល់ជាង ៦០០០គ្រួសារ។

យោងរបាយការណ៍របស់លោក ភឿន គឹមលី បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ មានសហគ្រាស និងវិស័យឯកជន ដែលបានចុះបញ្ជីមានចំនួន៥៤៦ ស្ថិតិអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្មខ្នាតតូច នៅទូទាំងខេត្តមានចំនួន ១០,៧១៣ទីតាំង ផ្សារគ្រប់ប្រភេទមានចំនួន៩៦ ក្នុងនោះផ្សាររដ្ឋមានចំនួន១១ ផ្សារឯកជនមានចំនួន៣៨ និងមីនីម៉ាតមានចំនួន២៦ និងផ្សារទំនើបមាន០៩។ ក្រោមការអនុវត្តរបស់គម្រោងជំរុញទិផ្សារសម្រាប់កសិកម្មខ្នាតតូច មន្ទីរបានសម្របសម្រួលនូវកិច្ចសន្យាបានចំនួន១១៥ កិច្ចសន្យាលើផលិតផលបន្លែ មាន់ស្រែនិងជាមួយកសិករចំនួន ២,១០៦គ្រួសារ ដែលមានទំហំទឹកប្រាក់ប្រមាណ១,៧៦លានដុល្លាអាមេរិច និងការស្រង់ថ្លៃទំនិញសំខាន់ចំនួន ១១៩មុខនៅលើទីផ្សារ។

លោកបន្តថា មន្ទីរពាណិជ្ជកម្មសហការជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប សហគ្រិនស្ត្រីសាខាខេត្តសៀមរាប និងបណ្តាសហគមន៍មួយចំនួនទៀតក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកំពស់ផលិតផលនិងសេវារបស់ផលិតករក្នុងខេត្ត ពិសេសភូមិ១ ផលិតផល១៕