(កោះកុង)៖ លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ផែនការដល់កងកម្លាំងប៉ុស្តិ៍នគរបាល ក្រោមឱវាទជំរុញការផ្សព្វផ្សាយអំពីការបង្ការគ្រោះអគ្គិភ័យនារដូវរំហើយ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសគ្រោះមហន្តរាយនានាក្នុងមូលដ្ឋាន។

លោកអធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំប្រជុំដាក់ផែនការសំខាន់ៗដល់នាយប៉ុស្តិ៍នគរបាលតាមបណ្តាឃុំចំនួន៦ ដោយផ្តោតបង្កើនការពង្រឹងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរបន្ថែម គ្រាបច្ចុប្បន្នអនុវត្តន៍ទទួលលទ្ធផលល្អក៏ពិតមែនក្តី។

ក្នុងនោះកិច្ចប្រជុំនោះ លោកអធិការនគរបាលស្រុកស្រែអំបិល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជំរុញដល់កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦ ដែលនៅក្រោមឱវាទរបស់លោក ចាំបាច់ជួយផ្សព្វផ្សាយអំពីការត្រៀម បង្ការគ្រោះអគ្គិភ័យជាយថាហេតុ ទាំងផ្នែកបច្ចេកទេសអគ្គិសនី និងនារដូវរំហើយនេះ។

ក្រៅពីយន្តការត្រៀមបង្ការ លោក ដូង វណ្ណា ស្នើសុំមន្រ្តីនគរបាលប៉ុស្តិ៍ អនុវត្តន៍ពង្រឹងច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះតែអត្រាគ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលា ករណីខ្វះការប្រុងប្រយ័ត្នអំឡុងពេលបើកបរ។

ដោយឡែកបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់គ្នា ដោយសំដៅធ្វើយ៉ាងណាកាត់បន្ថយបទល្មើសនានា ល្បែងស៊ីសង អំពើចោរកម្ម ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស ជាដើម។

គួរកត់សម្គាល់ថា នៅឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ចំណាត់ថ្នាក់លេខ១ ដល់ប៉ុស្តិ៍នគរបាលឃុំទាំង៦ នៃស្រុកស្រែអំបិល ដែលអនុវត្តន៍ការងារបានល្អប្រសើរនាពេលកន្លងមក និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗទាន់សភាពការណ៍ជូនដល់ប្រជាពលរដ្ឋ៕