(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឲ្យមន្ត្រីគណបក្ស ប្រជាជនកម្ពុជា យកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យមើលទាំងជីវភាព និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការបក្សខណ្ឌនៅទីស្នាក់ការមន្ទីរគណបក្សខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង បានលើឡើងថា «មន្ត្រីបក្សរបស់យើងទាំងអស់ ត្រូវយកចិត្តទុកដាក់មើលថែសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលពួកគាត់មានបញ្ហាអ្វីមួយ ត្រូវចុះដោះស្រាយជួយពួកគាត់ភ្លាមៗ ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀងអាហារជាដើម។ បន្ថែមពីនេះមន្ត្រីបក្សរបស់យើង ក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានផងដែរទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺ សាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ»។
លោកបន្តថា «មន្ត្រីបក្សរបស់យើង ត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយឲ្យបានខ្លាំងក្លា និងវាយបកឲ្យបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗ ដើម្បីឲ្យសមាជិក និងប្រជាពលរដ្ឋបានទទួល ព័ត៌មានភ្លាមៗ។ មិនមែនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីហើយ លែងដៃចោលនោះទេ។ ត្រូវក្តាប់ឲ្យបានពីចលនារបស់ក្រុមប្រឆាំងជ្រុលនិយម និងក្តាប់សន្តិអារម្មណ៍ប្រជាពលរដ្ឋឲ្យបាន ហើយជម្រាបពួកគាត់ឲ្យបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ពិសេសចលនាពួកគាត់ឲ្យបានយល់ច្បាស់ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា»។
លោក ឃួង ស្រេង បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជាត្រូវទទួលបានជ័យជម្នះរហូត ដើម្បីឲ្យប្រទេសកម្ពុជារក្សាបានសន្តិភាព ដែលជាឱកាសអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើន ពិសេសសម្រេចបាននូវ ចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។
លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីរចនាសម្ព័ន្ធគណបក្សខណ្ឌ ដែលមានសាខាបក្សសង្កាត់ចំនួន៥ និងសាខាភូមិចំនួន៦៩ ដោយបានចលនាកសាងសមាជិកបក្សថ្មីៗជាបន្តបន្ទាប់ផងដែរ។
លោកបន្តថា នារដូវវស្សាកន្លងមកនេះ មានសង្កាត់មួយចំនួននៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានទទួលការជន់លិចដោយជំនន់ទឹកភ្លៀង ដែលហូរមកពីខេត្តកំពង់ស្ពឺ តែបញ្ហានេះយើងបានចាត់វិធានការភ្លាមៗ ជាមួយនិងការចុះជួប សួរសុខទុក្ខ និងយកអំណោយទៅចែកជូនពួកគាត់៕