(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនគ្រួសាគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់យើង ឱ្យមានការរីកចម្រើនឈានឡើង។
លោក កែវរ តនៈ បានលើកឡើងបែបនេះ នៅសាលប្រជុំទីស្នាក់ការគណបក្សខេត្ត ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន៣៩៤នាក់ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុង ព្រមទាំងអភិបាលរងខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារចុះជួយសង្កាត់ទាំង៧។
បន្ទាប់ពី លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានធ្វើសេចក្តីរាយការណ៍ អំពីបច្ចុប្បន្នភាពប្រជាពលរដ្ឋ ដែលប្រកបរបររត់ម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក នោះរួចមក, លោក កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលបានជួបសំណេះសំណាល ជាមួយគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក ទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន៣៩៤នាក់ ក្នុងគោលបំណងបានប្រាស្រ័យទំនាក់ទំនងគ្នា ដើម្បីជម្រុញលើកស្ទួយសេដ្ឋកិច្ចពួកគាត់ ឱ្យមានការរីកចម្រើន លូតលាស់បន្ថែមទៀត។
លោក កែវ រតនៈ បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដូច្នេះហើយ សូមបងប្អូនគ្រួសាគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់យើង ឱ្យមានការរីកចម្រើនឈានឡើង។
លោកបានជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងទាក់ទាញអ្នកវិនិយោគក្រៅប្រទេស ចូលមកខេត្តពោធិ៍សាត់ ហើយថ្មីៗនេះយើងមានរោងចក្រជាច្រើន បានកំពុងសាងសង់ និងដំណើរការខ្សែច្រវ៉ាក់ផលិត នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ។ នេះដោយសារតែប្រជាពលរដ្ឋខេត្តពោធិ៍សាត់ តែងតែគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ។
លោក កែវ រតនៈ បានសង្កត់ធ្ងន់ថា កត្តាដែលយើងទាំងអស់គ្នា ត្រូវព្រួយបារម្មនោះ គឺការបាត់បង់នូវធនធានព្រៃឈើ ដោយសារការរុករាន កាប់ឆ្ការ ទន្ទ្រានវាទីយកដីព្រៃធ្វើជាកម្មសិទ្ធិយ៉ាងអណាធិបតេយ្យ ពីសំណាក់ជនល្មើសមួយចំនួន។ ទាំងអស់នេះ ទាមទាឱ្យមានការចូលរួមពីសំណាក់បងប្អូនគ្រួសារម៉ូតូឌុប និងប្រជាពលរដ្ឋ ដើម្បីបង្ការបង្ក្រាបទាំងអស់គ្នា ព្រោះថាព្រៃឈើនេះហើយ គឺជាអាយុជីវិតរបស់យើង។ ជាមួយគ្នានោះ យើងទាំងអស់គ្នាក៏ត្រូវចូលរួមថែរក្សាការពារព្រៃឈើ និងដាំដើមឈើឡើងវិញគ្រប់ទីកន្លែងផងដែរ។
លោករដ្ឋមន្ត្រី ក៏បានស្នើដល់បងប្អូនគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក ត្រូវចេះរួបរួមសាមគ្គីគ្នា យកអាសារជួយគ្នាទៅវិញទៅមក និងត្រូវធ្វើជាកម្លាំងសម្ងាត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់ក្មេងទំនើងនៅមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលបានដាក់ចេញ។
ឆ្លៀតក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានត្រៀមរៀបចំផ្តល់ជូនវត្ថុកំដរដៃ ដល់គ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន៣៩៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អាវកាក់ក្លឹមម៉ូតូឌុបក្រុងពោធិ៍សាត់១ អាវដៃវែង២ អង្ករ២០គីឡូក្រាម សាំង១០លីត្រ និងថវិកា២ម៉ឺនផងដែរ៕