(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលមាន លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក ព្រមទាំងបណ្តាញព័ត៌មានកម្ពុជាចំនួន៧ផ្សេងទៀត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដែលជាបណ្តុំប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាននៃប្រទេសទាំងពីរ។

ពិធីនេះចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាព លោក ហួត ឃាងវេង រដ្ឋលេខាធិការ តំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ជិន អុីយ៉ុន សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងសុី ប្រទេសចិន ដោយមានការចូលរួមពី លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងតំណាងសារព័ត៌មានកម្ពុជា-ចិនសំខាន់ៗជាច្រើនផងដែរ។

អនុស្សារណៈនេះផ្តោតសំខាន់លើការរួមគ្នាពង្រឹងការផ្សព្វផ្សាយព័ត៌មានកម្ពុជា-ចិន (និយាយជារួម) និយាយដោយឡែក ប្រព័ន្ធផ្សព្វផ្សាយខេត្តក្វាងស៊ី និងកម្ពុជា ការជំរុញកិច្ច សហប្រតិបត្តិការលើវិស័យព័ត៌មានវិទ្យាជឿនលឿន បង្កើតវេទិកាចែករំលែកសមិទ្ធផល និងបទពិសោធន៍ និងការរៀបចំជាទៀងទាត់នូវដំណើរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកជាដើម។

ក្រៅពីចុះ MOU ជាមួយ Fresh News ក៏មានសារព័ត៌មានខ្មែរមួយចំនួនទៀតដែរ បានចុះអនុស្សារណៈជាមួយ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី នៅក្នុងឱកាសនេះ ក្នុងនោះមាន ThmeyThmey, មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រេហ្គន», សុីសុីថែមស៍ CC Time, JIAN HUA DAILY , Commercials News , AMS , People News ជាដើម។

Fresh News ត្រូវ​បានបង្កើតឡើង កាលពីឆ្នាំ២០១៤ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដ៏ធំដំបូងនៅកម្ពុជា ដែលបានប្រើប្រាស់កម្មវិធី APP ដើម្បីបាញ់បញ្ជូនព័ត៌មានដល់ដៃអ្នកអាន។ រយៈពេល១០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់ លោក លឹម ជាវុត្ថា, Fresh News បានបង្កើតកម្មវិធីថ្មីៗជាបន្តបន្ទាប់ ជាមួយនឹងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើកម្មវិធី ​App, Website, ទូរទស្សន៍(ឌីជីថល-ខ្សែកាប) ព្រមទាំងផ្សព្វផ្សាយតាមបណ្តាញសង្គមដូចជានៅលើ Facebook, Telegram, Tiktok និង Youtube ដែលមានអ្នកតាមដានរាប់លាននាក់ថែមទៀត។ បន្ថែមពីនេះ នៅឆ្នាំ២០២៤នេះ Fresh News បានបង្កើតបណ្តាញសង្គមមួយជារបស់ខ្មែរនោះ គឺ CoolApp ដែលកំពុងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ ស្ថាប័នអង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ចំណែកមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី គឺជាស្ថាប័នដែលបានបង្កើតឡើងក្រោមការដឹកនាំផ្ទាល់ដោយក្រសួងឃោសនានៃគណៈកម្មាធិការបក្សនៃតំបន់ស្វយ័តក្វាងស៊ី ដែលមានការដឹកនាំដោយ «Guangxi Daily» និងសម្របសម្រួលដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី។ មជ្ឃមណ្ឌលនេះ គឺជាស្ថាប័នដែលមានឥទ្ធិពលមួយសម្រាប់ខេត្តក្វាងស៊ីក្នុងការផ្លាស់ប្តូរវិស័យព័ត៌មាននិងវប្បធម៌ជាមួយប្រទេសជុំវិញពិភពលោក៕