(ភ្នំពេញ)៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន មានយ៉ាងហោចមួយចំនួនត្រូវបាន គេកត់ត្រាទុកជាប្រវត្តិសាស្ត្រ។ តើព្រឹត្តិការណ៍នោះ មានអ្វីខ្លះ? Fresh Exclusive មានសេចក្តីរាយការណ៍អង្កេតដូចតទៅនេះ៖

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ក្នុងនាមជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ នៅក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី២ ដល់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ នឹងជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនឯកឧត្តម ស៊ី ជីនពីង។

* តើមានព្រឹត្តការណ៍ ថ្ងៃទី២ ខែធ្នូ ចំនួនប៉ុន្មានដងដែលទាក់ទងនឹងប្រវត្តិសកម្មភាពការងាររបស់សម្តេចតេជោ ហ៊ុន សែន?

យ៉ាងហោច មានព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលកើតឡើងនៅចំថ្ងៃទី២ ខែធ្នូ ពាក់ព័ន្ធនឹងកិច្ចការនយោបាយជាតិ និងជាប្រវត្តិសាស្ត្រ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃដែលសម្តេចតេជោ, សម្តេចពញាចក្រីហេង សំរិន និងសម្តេច ជាស៊ីម បានប្រកាសការបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលក្រោយមកបានប្តូរមកជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» គឺជារណសិរ្ស ដែលផ្តល់នូវពន្លឹជោគជ័យ មិនត្រឹមតែការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ក្នុងការជួយរំដោះជាតិថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ប៉ុណ្ណោះទេ,រណសិរ្ស២ធ្នូ នៅបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ បំបាត់សង្គ្រាមស៊ីវិល និងការឯកភាពទឹកដីទាំងស្រុង, ការស្តារស្ថិរភាព សេដ្ឋកិច្ចជាតិ និងនយោបាយ ដែលកំពុងធ្វើឱ្យកម្ពុជាមានរូបភាព ស្រស់បំព្រងនាបច្ចុប្បន្ន។ រណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ នោះទៀត ក៏ជាគ្រឹះនៃមូលដ្ឋាននៃអនាគតចក្ខុវិស័យឆ្នាំ២០៥០ ដែល កម្ពុជានឹងរំពឹងក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

បន្ទាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨, ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតនៃការជួបចរចា «សីហនុ-ហ៊ុនសែន» លើកដំបូងរវាងអតីតព្រះមហាក្សត្រខ្មែរ ជាមួយនឹងសម្តេច តេជោ ហ៊ុន សែន នៅក្នុងក្រុង Fere-en Tardenois នៃប្រទេសបារាំង។ ជំនួប២ធ្នូ ឆ្នាំ១៩៨៧ នោះហើយ បាននាំឱ្យមានការចរចាជាបន្តបន្ទាប់ ឈានដល់ការចុះហត្ថលេខា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៃសន្ធិសញ្ញាក្រុងប៉ារីស ដើម្បីស្វែងរកដំណោះស្រាយនយោបាយរវាងភាគីខ្មែរ ដែលឈ្លោះប្រកែកគ្នា។ សម្តេចតេជោ ធ្លាប់បានមានប្រសាសន៍ថា បើមិនមាន២ ធ្នូ ឆ្នាំ១៩៨៧ ក៏មិនមានថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀងក្រុងប៉ារីសដែរ។

ក្រៅពីព្រឹត្តិការណ៍២ ធ្នូ ឆ្នាំ១៩៧៨ និង២ ធ្នូ ឆ្នាំ១៩៨៧, ក៏មាន២ ធ្នូ ឆ្នាំ១៩៩៨ ដែលសម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ។ យុទ្ធសាស្ត្រត្រីកោណដែលមានមុំបី ពេលនោះ រួម មានមុំទី១ ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស, មុំទី២ ការធ្វើសមាហរណកម្មឱ្យបានឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ និងមុំទី៣ គឺប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បីកាត់បន្ថយភាពក្រីក្រ។ បើគ្មានយុទ្ធសាស្ត្រត្រីកោណថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨នោះទេ ក៏គ្មានយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដូចបច្ចុប្បន្ននេះឡើយ។

នៅមានព្រឹត្តិការណ៍២ធ្នូ មួយទៀត ដែលកើតឡើងនៅក្នុងឆ្នាំ២០២០ ដែលជាដំណើរដ៏មហាសំខាន់បំផុត ជាប់ពាក់ព័ន្ធនឹងការជួយជីវិតពលរដ្ឋខ្មែរឱ្យចាកផុតពីជ្រោះមរណៈនៃការស្លាប់ រាលដាលដោយសារជំងឺ Covid-19។

ព្រឹត្តិការណ៍នៃការផ្ទុះជំងឺ Covid-19 ក្នុងចុងឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍ដែលបានបន្លាចពិភពលោក ដែលបានផ្តាច់ដំណើរទស្សនកិច្ចមួយចំនួនរបស់មេដឹកនាំប្រទេសខ្លះ មិនហ៊ានចាកចេញទៅក្រៅប្រទេសឡើយ។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះ បានបង្ហាញក្តីបារម្ភរបស់សម្តេច ចំពោះការយកចិត្តទុកដាក់ លើប្រទេសចិនជាមិត្ត ដែលពេលនោះកំពុងតែរងការផ្ទុះនូវជំងឺ Covid-19 ជាលើកដំបូង និងពេលនោះក៏មានភាពរើសអើងរបស់ប្រទេសមួយចំនួនដាក់ទៅលើប្រទេសចិន ថែមទៀតនោះ គឺ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ បានធ្វើដំណើរទស្សនកិច្ចដ៏ខ្លីមួយទៅកាន់រដ្ឋធានីប៉េកាំង និងបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លីខឺឈាំង នាជំនាន់នោះ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ ក៏បានបង្ហាញនូវក្តីបារម្ភ និងសុខទុក្ខចំពោះពលរដ្ឋ និងនិស្សិតខ្មែរ ដែលសិក្សានិងរស់នៅក្នុងប្រទេសចិនក្នុងពេលនោះថែមទៀត។

សម្តេចតេជោ ពេលនោះបានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកបញ្ជាក់ថា ដំណើរទស្សនកិច្ចដ៏ខ្លីរបស់សម្តេច ទៅកាន់ក្រុងប៉េកាំងនៅថ្ងៃទី២ ធ្នូ នោះគឺ «ទី១ គឺខ្ញុំចង់សម្តែងសាមគ្គី ភាពជាមួយរដ្ឋាភិបាលចិន និងប្រជាជនចិន ក្នុងពេលដែលកំពុងជួបការលំបាក»។ សម្តេច បានសរសេរបន្តថា «ទី២ ដំណើរទស្សនកិច្ចខ្ញុំ គឺការពង្រឹងស្មារតីនិងជំនឿទុកចិត្ត ពលរដ្ឋខ្មែរនិងនិស្សិតខ្មែរដែលរស់នៅនិងសិក្សាក្នុងប្រទេសចិនដែលកំពុងជួបស្ថានភាពលំបាកជាមួយនឹងពលរដ្ឋចិន» និងទី៣ ដំណើរទស្សនកិច្ច «គឺជាសារប្រាប់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា ឱ្យដឹងថា ជំងឺរបស់ពលរដ្ឋខ្មែរ មិនមែនជាជំងឺដែលបង្កឡើងដោយវីរុស ‘Corona’ នោះទេ ប៉ុន្តែវាជាជំងឺនៃការភ័យខ្លាចតែប៉ុណ្ណោះ»។

ដំណើរទស្សនកិច្ចដ៏ខ្លីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នោះហើយ ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសចិន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ដែលជាមិត្តរួមសុខទុក្ខខ្ពស់រវាងចិននិងកម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានជួយឧបត្ថម្ភវ៉ាក់សាំង Sinovac និង Sinopham សរុបប្រមាណ៥០លានដូសមកដល់កម្ពុជា ដែលវ៉ាក់សាំងទាំងនោះហើយ បានជួយកាត់បន្ថយការឈឺចាប់ និងការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរជាច្រើន។ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ខណៈដែលប្រទេសនីមួយៗលើសកលលោក មានមនុស្សស្លាប់ច្រើនពាន់, ច្រើនម៉ឺន និងសែននាក់នោះ តួលេខអ្នកស្លាប់មានចំនួន៣,០៥៦ នាក់តែប៉ុណ្ណោះ ដែលស្មើនឹង០.០៣% នៃចំនួនប្រជាជនកម្ពុជាប្រ មាណ១៧លាននាក់។

នៅមានព្រឹត្តិការណ៍ថ្ងៃទី២ធ្នូ មួយដទៃទៀតគឺថ្ងៃទី២ធ្នូ ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹងប្រសាសន៍របស់សម្តេចតេជោ ដែលជាប្រសាសន៍បង្ហាញនូវជោគវាសនាអនាគតរាជរដ្ឋា ភិបាលថ្មីអាណ្ណត្តិទី៧។

នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២១នោះ ក្នុងពិធីសម្ពោធផ្លូវ និងប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃ៣០០លាន ដុល្លារនៅក្នុងខេត្តព្រះសីហនុ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេច គាំទ្រកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី តាមរយៈ ការបោះឆ្នោតជាសកល។

មាត់វេទមន្តរបស់សម្តេច បានធ្វើឱ្យការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទទួលជ័យជម្នះភ្លូកទឹក ភ្លូកដី។ ក្នុងចំណោមពលរដ្ឋ ដែលបានចុះបញ្ជីសរុបចំនួន៨៤.៥៩% មានពលរដ្ឋ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនរហូតដល់៨២.៣០% នៃសន្លឹកឆ្នោតបានការសរុប។

គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអាសនៈក្នុងរដ្ឋសភា សារុប១២០កៅអី ក្នុងចំណោម១២៥។ បណ្ឌិត ហ៊ុន ម៉ាណែត ក្រោយមកត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ និងព្រះមហាក្សត្រ បានត្រាស់បង្គាប់ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣៕