(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងសុវត្ថិភាពផ្លូវដែក ពិធីប្រគល់-ទទួលសម្ភារសុវត្ថិភាពពីផ្លូវដែកជាតិកូរ៉េ (Korea National Railway) និងប្រកាសការអនុវត្តគម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង។
ពិធីនេះបានធ្វេីឡេីងនារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី នាយកប្រតិបត្តិនៃនាយកដ្ឋានសុវត្ថិភាព នៃស្ថាប័នផ្លូវដែកជាតិកូរ៉េ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ជាច្រើនរូបផងដែរ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍របស់ប្រទេសកូរ៉េ ក្នុងការគ្រប់គ្រងសុវត្ថិភាពនៅការដ្ឋានសាងសង់ផ្លូវដែក និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពតាមផ្លូវដែក ព្រមទាំងប្រគល់-ទទួលសម្ភារសុវត្ថិភាពពីស្ថាប័នផ្លូវដែកជាតិកូរ៉េ រួមមាន៖ មួករឹងចំនួន៥៩០ អាវសុវត្ថិភាពចំនួន២៨០ និងស្បែកជើងសុវត្ថិភាពចំនួន ១៣០គូ ជូននាយកដ្ឋានផ្លូវដែក និងប្រកាសការអនុវត្តគម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកចំនួន ៩៧១កន្លែង ដែលក្នុងនោះផ្លូវឆ្លងកាត់ផ្លូវសាធារណៈ ចំនួន ៥២៥កន្លែង និងផ្លូវឆ្លងកាត់ដែលប្រើប្រាស់លក្ខណៈឯកជនមានចំនួន ៤៤៦កន្លែង៕