(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ ត្រូវបើកបរដោយបន្ថយល្បឿនពេលឆ្លងកាត់ឃុំចំនួន៤ គឺឃុំរបៀប ឃុំរុងរឿង ឃុំរីករាយ និងឃុំរស្មី ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង០៧៖០០នាទីយប់។
ការអំពាវនាវរបស់លោកអភិបាលស្រុករវៀង បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុក ចុះសួរសុខទុក្ខក្រុមការងាររដ្ឋបាលឃុំ សមត្ថកិច្ច និងប្រជាការពារភូមិ ដែលកំពុងជួយសម្រួលចរាចរណ៍នៅលើដងផ្លូវ។
លោក ហោ ប៊ុនហួរ បានឱ្យដឹងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះថា៖ «ដោយអនុវត្តតាមការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានលេីកឡេីងក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត និងវេទិកាសាធារណៈរបស់ក្រសួងអធិការកិច្ច ថ្ងៃនេះលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនៅលើដងផ្លូវដែលប្រជាពលរដ្ឋបានលើកឡើង ក៏ដូចជាសួរសុខទុក្ខក្រុមការងារឃុំ ប្រជាការពារ និងសមត្ថកិច្ច ដែលកំពុងសម្រួលចរាចរណ៍នៅលើដងផ្លូវ»។
លោកបានណែនាំដល់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ដូចជារថយន្តដឹករ៉ែដែក រថយន្តដឹកផលិតផលកសិកម្មផ្សេង ត្រូវធ្វើការបន្ថយល្បឿនពេលឆ្លងកាត់ទីរួមស្រុករវៀង និងឃុំចំនួន៤ មានឃុំរបៀប ឃុំរុងរឿង ឃុំរស្មី និងឃុំរីករាយ ចាប់ពីម៉ោង០៧.០០នាទីព្រឹកដល់ម៉ោង០៧.០០នាទីយប់។ លោកបានណែនាំដល់អាជ្ញាធរឃុំ និងប្រជាការពារភូមិ ដែលកំពុងសម្រួលចរាចរណ៍តាមដងផ្លូវ ត្រូវផ្សព្វផ្សាយបន្តដល់រថយន្តផ្សេងទៀតឱ្យអនុវត្តស្របតាមសំណូមពរនិងការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីបង្កាករណីគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបញ្ហាសុខភាពសាធារណៈផងដែរ។
នៅក្នុងឱកាសនោះលោក ហោ ប៊ុនហួរ ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុក បានឧបត្ថម្ភដល់ក្រុមការងារឃុំនីមួយៗ ក្នុងមួយឃុំៗទទួលបាន ទឹកសុទ្ធ១០យួរ ខារាប៉ាវ១កេស សាជី២ និងម៉ាស៤ប្រអប់៕