(ភ្នំពេញ)៖ ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ក្នុងសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិកប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែធ្នូនេះថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ២៥% ដោយបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតីនេះ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) មុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូល នៅខែមិថុនាឆ្នាំ២០២៥។
ស្ពានអាកាសភ្លោះនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ។
គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។
* ស្ពានទី១៖ ផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។
* ស្ពានទី២៖ ផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។
* ទម្ងន់ផ្ទុកអនុញ្ញាត៖ ២៥តោន កម្ពស់សុវត្ថិភាព ៥.៥០ម៉ែត្រ (ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២)។
ចំពោះគន្លងចរាចរណ៌ មាន៣ គន្លង (៣.២៥ម៉ែត្រ + ៣.២៥ម៉ែត្រ + ២.០០ម៉ែត្រ) ទទឹងស្ពានសរុប ៩.៥០ម៉ែត្រ។ ប្រឡោះសសរស្ពាន ៧ប្រឡោះ (ប្រវែងអតិបរិមា ៤៥ម៉ែត្រ)។
សសរគ្រឹះ៖ គ្រឹះខួងមុខកាត់១.៥០ម៉ែត្រ មានជម្រៅអតិបរមា ៤៥ម៉ែត្រ និងអប្បបរមា៣៥ម៉ែត្រ, ជើងតាងសសរស្ពាន មាន ៦ទីតាំង និងមានទំហំ ៦.២៥ គុណ ២.៥០ម៉ែត្រ កម្ពស់២.៥០ម៉ែត្រ ទ្រដោយគ្រឹះ ២ដើម មុខកាត់ ១.៥០ម៉ែត្រ។ សសរស្ពាន ៦ទីតាំង និង មានទំហំ ១.៤០ គុណ ២.២០ម៉ែត្រ។
ក្បាលស្ពាន មាន ២ទីតាំងទំហំ៩.៥០ គុណ ៣.៤៥ម៉ែត្រ និងមានជើងតាងទំហំ ៩.៥០ x ១.៩០ម៉ែត្រ កម្ពស់១.៥០ម៉ែត្រ ដែលទ្រដោយគ្រឹះ ៣ដើម មុខកាត់ ១.២០ម៉ែត្រ ជម្រាលបណ្ដោយស្ពាន ៤.៥%។
ជម្រាលទទឹងស្ពាន២.០% ល្បឿនអនុញ្ញាត ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព ៥.៥០ម៉ែត្រ (ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២) កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់ ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ តាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។
មានប្រព័ន្ធលូសម្រាប់រំដោះទឹក នៅសងខាងផ្លូវ។ រវាងប្រឡោះស្ពានទី១ និងស្ពានទី២ មានគម្លាត៩.០០ម៉ែត្រ ដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍។
គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី បានធ្វើពិធីបើកការដា្ឋន កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន កាលពីនារសៀលថ្ងៃទី១៦ មិថុនា៕